ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា ចំនួនសត្វព្រៃនៅលើពិភពលោកបានធ្លាក់ចុះ ជាង២/៣ចាប់តាំងពីឆ្នាំ១៩៧០ ដោយសារព្រៃឈើត្រូវបានកាប់ឆ្ការ និងទឹកសមុទ្របំពុល នេះបើយោងតាមការវាយតម្លៃ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។
លោក Andrew Terry នាយកផ្នែកអភិរក្ស និងគោលនយោបាយ នៅសមាគមសត្វវិទ្យានៃទីក្រុងឡុងដ៍ (ZSL) បានលើកឡើងថា “ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ… ផ្អែកតាមរបាយការណ៍ របស់មូលនិធិសត្វព្រៃពិភពលោក ហៅកាត់ (WWF) ដែលបានប្រើប្រាស់ទិន្នន័យឆ្នាំ២០១៨ពី ZSL លើស្ថានភាព នៃចំនួនសត្វព្រៃចំនួន៣២.០០០ក្បាល ដែលគ្របដណ្តប់ជាង៥.០០០ប្រភេទ បានរកឃើញថា ទំហំនៃបរិមាណសត្វទាំងនោះបានធ្លាក់ចុះ ដោយគិតជាមធ្យម៦៩ភាគរយ ។ ការកាប់បំផ្លាញព្រៃឈើ ការកេងប្រវ័ញ្ចរបស់មនុស្ស ការបំពុល និងការប្រែប្រួលអាកាសធាតុ គឺជាកត្តាជំរុញឲ្យថយចុះដ៏ធំបំផុត នៃការបាត់បង់សត្វព្រៃទាំងនោះ ។
ចំនួនសត្វព្រៃនៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយបានជួបប្រទះការធ្លាក់ចុះ រហូតដល់៩៤ភាគរយក្នុងរយៈពេល ត្រឹមតែ៥ទសវត្សរ៍ប៉ុណ្ណោះ ។ របាយការណ៍បានដាក់ថា ចំនួនសត្វផ្សោតទន្លេពណ៌ផ្កាឈូក១ប្រភេទនៅតំបន់អាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីលបានធ្លាក់ចុះចំនួន៦៥ភាគរយនៅចន្លោះឆ្នាំ១៩៩៤ និង២០១៦ ។
លោក Terry បានលើកឡើងថា ការរកឃើញរបស់អង្គភាព ខាងលើមានលក្ខណៈស្រដៀងគ្នា ទៅនឹងការវាយតម្លៃចុងក្រោយរបស់ WWF ក្នុងឆ្នាំ២០២០ ដោយទំហំចំនួនសត្វព្រៃបន្តធ្លាក់ចុះ ក្នុងអត្រាប្រហែល២,៥ភាគរយក្នុង១ឆ្នាំ ។
លោក Mark Wright នាយកផ្នែកវិទ្យាសាស្ត្រនៅ WWF-UK បានលើកឡើងថា “ធម្មជាតិស្ថិតក្នុងភាពលំបាក ហើយវានៅតែស្ថិតក្នុងភាពលំបាកនៅឡើយ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា