ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោងនឹងបង្កើតអាវុធដ៏ធំបំផុត របស់ខ្លួន ដើម្បីរារាំង ដល់ឥទ្ធិពលចិន មកលើតំបន់អាស៊ីបូព៌ា នៅឆ្នាំ២០២៧

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា ក្នុងរង្វង់នៃការធ្វើសមាជបក្សកុម្មុយនិស្តលើកទី២០របស់ចិនដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ និងលើកក្រោយនៅឆ្នាំ២០២៧ ជប៉ុននឹងបង្កើតអាវុធដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ ក្នុងការប្រជែងដើម្បីរារាំងក្រុងប៉េកាំងពីសង្គ្រាមនៅក្នុងតំបន់អាស៊ីបូព៌ា ។ មន្ត្រីរដ្ឋាភិបាលជប៉ុន និងអ្នកវិភាគសន្តិសុខបានលើកឡើងដូច្នេះ ។
ប្រទេសជប៉ុន បានកំណត់អត្តសញ្ញាណចិនថា ជាសត្រូវចម្បងរបស់ខ្លួននៅក្នុងសៀវភៅសការពារជាតិឆ្នាំ២០១៩របស់ខ្លួន ដោយព្រួយបារម្ភថា ការបំពានរបស់ទីក្រុងប៉េកាំងនៃបទដ្ឋានអន្តរជាតិ សម្ពាធលើកោះតៃវ៉ាន់ និងទំនើបកម្មយោធាយ៉ាងឆាប់រហ័សបានបង្កការគំរាមកំហែងដល់សន្តិសុខយ៉ាងធ្ងន់ធ្ងរ ។ អ្នកជំនាញផ្នែកសន្តិសុខបានឲ្យដឹងថា ការថប់បារម្ភនោះកាន់តែខ្លាំងឡើង ចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ដែលធ្វើឲ្យការប្រឆាំងសាធារណៈរបស់ជប៉ុនចុះខ្សោយចំពោះការរៀបចំឡើងវិញ ។

លោក Takashi Kawakami សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Takushoku ក្នុងទីក្រុងតូក្យូ បានលើកឡើងថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន “មានផែនការបត់បែននៅពេលខាងមុខ ហើយនឹងប្រើប្រាស់ភាពបត់បែននោះដើម្បីធ្វើអ្វីៗតាមដែលអាចធ្វើបាន” ។ លោកបានឲ្យដឹងទៀតថា ដោយចង្អុលទៅឆ្នាំ២០២៧ ជាពេលដែលសមតុល្យអំណាចរបស់អាស៊ីបូព៌ាអាចឈានទៅដល់ការពេញចិត្តរបស់ប្រទេសចិន រដ្ឋាភិបាលជប៉ុន អាចប្រមូលផ្តុំការគាំទ្រសម្រាប់ការចំណាយលើវិស័យការពារជាតិកាន់តែច្រើន ។

ក្រៅពីជាលើកក្រោយដែលប្រតិភូបក្សកុម្មុយនិស្តប្រមូលផ្តុំនៅទីក្រុងប៉េកាំង ឆ្នាំ២០២៧ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ទាប់នៅលើផែនទីបង្ហាញផ្លូវទំនើបកម្មយោធារបស់ប្រទេសចិន និងជាខួបមួយរយឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជន ។ នៅក្នុងសវនាការសភាកាលពីឆ្នាំមុន មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក Philip Davidson បានថ្លែងថា ការគំរាមកំហែងរបស់ចិន ប្រឆាំងនឹងកោះតៃវ៉ាន់អាច “បង្ហាញ”កាន់តែខ្លាំងឡើងៗ នៅឆ្នាំនោះ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top