ភ្នំពេញ ៖ ស្របពេលកម្ពុជា មានសុខសន្ដិភាព និងស្ថេរភាពនយោបាយ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលឯណេះវិញ ក៏មានការអភិវឌ្ឍរីកចម្រើន យ៉ាងច្រើនគួរឲ្យកត់សំគាល់ផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រោមការចង្អុលបង្ហាញ ពីលោកអូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត ជាពិសេសប្រជាជនរស់នៅ ប្រកបដោយភាព សុខសប្បាយគ្រប់គ្នា។
ដើម្បីឲ្យស្រុកខ្សាច់កណ្ដាល ប្រែមុខមាត់ថ្មី អាជ្ញាធរ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា ៖ ស្ពានបេតុង៣៦កន្លែង , ស្ពានបេឡេ៥កន្លែង , ស្ពានយោល៣កន្លែង , ផ្លូវក្រាលកៅស៊ូ DBST ៧២.៩១៩ម៉ែត្រ ,ផ្លូវបេតុង ៤២.៤៤៨ម៉ែត្រ , ផ្លូវក្រាលគ្រក្រហម ៤៧.៤២២ម៉ែត្រ , ផ្លូវលំដីស ៧៣.៦៩០ម៉ែត្រ និងអំពូលភ្លើងជាដើម។ ទាំងនេះជាសរសៃឈាមយ៉ាងរស់រវើក សម្រាប់ស្រុកខ្សាច់កណ្ដាល ដូចពាក្យស្លោកថា «មានផ្លូវ គឺមានក្តីសង្ឃឹម» ។
ស្រុកខ្សាច់កណ្ដាល ជាស្រុកមួយ ក្នុងចំណោម ក្រុង-ស្រុក ទាំង១១ របស់ខេត្តកណ្ដាល ដែលមានព្រំប្រទល់ខាងជើង ទល់នឹងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខាងកើតទល់ស្រុកពារាំង ខេត្តព្រៃវែង ខាងត្បូងទល់ស្រុកល្វាឯម និងខាងលិចទល់ស្រុកមុខកំពូល ។ ស្រុកខ្សាច់កណ្ដាលមាន១៨ឃុំ ស្នើនឹង៩៣ភូមិ ផ្ទៃដី៣៥.២៥៤ហិកតា ប្រជាជនជាង១៤៤.១៨៥នាក់។
ជាទូទៅស្រុកខ្សាច់កណ្ដាល មានភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ មកលេងកម្សាន្ដយ៉ាងច្រើន ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ភ្ញៀវទេសចរណ៍ភាគច្រើន ទៅកម្សាន្ដតំបន់សំខាន់ជាច្រើន ជាពិសេសតែងតែនាំគ្នាទៅគោរពបូជា ដើម្បីសុំសេចក្ដីសុខនៅវត្តវិហារសួគ៌ ផងដែរ ។
ដើម្បីដឹងកាន់តែច្បាស់ អភិបាលរងស្រុកខ្សាច់កណ្ដាល លោក ចាន់ តារា បានផ្ដល់កិច្ចសម្ភាសន៍ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ថា «ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនថវិកាឃុំ-សង្កាត់មានកំណើនខ្ពស់ ។ ដូច្នេះសមិទ្ធផលនានា នៅស្រុកខ្សាច់ក៏មានច្រើនផងដែរ ដែលអាចបំពេញ តម្រូវការប្រជាពលរដ្ឋ រស់នៅតាមឃុំ-ភូមិ» ។
លោកបញ្ជាក់ថា កំណើនសេដ្ឋកិច្ចប្រជាជន រស់នៅស្រុកខ្សាច់កណ្ដាល មានជីវភាពធូរធារ ជាពិសេស រដ្ឋបាលស្រុក បានបន្ដដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាជន។ លោកថា ចំពោះបញ្ហាកសិកម្មវិញ ក៏មានភាពល្អប្រសើរដែរ ខណៈតម្លៃកសិកម្ម មានតម្លៃខ្ពស់សមរម្យ ។
ជាងនេះទៅទៀត អភិបាលរងស្រុក លោក ចាន់ តារា លើកឡើងទៀតថា អាជ្ញាធរបានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យស្រុកទទួលបានសុខសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
អភិបាលរងថា អាជ្ញាធរក៏បានបន្ដបង្ក្រាបទប់ស្កាត់ សភាពការណ៍អសកម្មផ្សេងៗ ដូចជា ៖ ល្បែងស៊ីសង គ្រឿងញៀន អំពើហិង្សា ជាពិសេស ជួយសង្គ្រោះជនរងគ្រោះដោយបាតុភូតធម្មជាតិផ្សេងៗ ដោយមានការទទួលខុសត្រូវខ្ពស់ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ផងដែរ ៕
ដោយ៖ អេង ប៊ូឆេង