គៀវ ៖ ឧត្តមសេនីយអ៊ុយក្រែន បានព្រមានអំពីការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយលើកឡើងថា ក្រុងគៀវ និងពិភពលោក “គួរតែព្រួយបារម្ភ” ។
ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយលោក Ian Pannell ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ ABC News លោក Oleksandr Syrskiy ឧត្តមសេនីយកងទ័ពជើងគោករបស់អ៊ុយក្រែន ត្រូវបានសួរអំពីថា តើលោកមានការព្រួយបារម្ភយ៉ាងណា ហើយប្រសិនបើពិភពលោក គួរតែចែករំលែកការព្រួយបារម្ភ របស់លោក អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដ៏មានសក្តានុពលដោយលោកពូទីន ។
លោក Syrskiy បានឲ្យដឹងជាការឆ្លើយតបថា៖ “យើងគួរតែព្រួយបារម្ភ ហើយខ្ញុំជឿជាក់ថាការគំរាមកំហែងបែបនេះពិតជាមានមែន ហើយយើងត្រូវយកវាមកពិចារណា”។
ការអត្ថាធិប្បាយរបស់ឧត្តមសេនីយអ៊ុយក្រែន ធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រាប់ក្រុមមន្ត្រីលោកខាងលិចថា ទីក្រុងមូស្គូ មានការព្រួយបារម្ភចំពោះអ៊ុយក្រែន ដោយប្រើ “គ្រាប់បែកកខ្វក់” លើប្រទេសរុស្ស៊ី។ គណៈកម្មការនិយតកម្មនុយក្លេអ៊ែរអាមេរិក (NRC) បានឲ្យដឹងថា “គ្រាប់បែកកខ្វក់” គឺជាឧបករណ៍ផ្ទុះ ដែលសាយភាយសារធាតុវិទ្យុសកម្ម។
លោកបានបន្ថែមថា “គ្រាប់បែកកខ្វក់ មិនមែន ជាគ្រាប់បែកនុយក្លេអ៊ែរនោះទេ។ គ្រាប់បែកនុយក្លេអ៊ែរ បង្កើតការផ្ទុះដែលខ្លាំង ជាងគ្រាប់បែកកខ្វក់ រាប់លានដង។ ពពកនៃវិទ្យុ សកម្មពីគ្រាប់បែកនុយក្លេអ៊ែរ អាចសាយភាយរាប់ពាន់ ម៉ាយការ៉េ ចំណែកវិទ្យុសកម្ម របស់គ្រាប់បែកកខ្វក់អាចបែកខ្ញែកក្នុងប៉ុន្មានប្លុក ឬម៉ាយល៍នៃការផ្ទុះរបស់វាប៉ុណ្ណោះ គ្រាន់តែមានជាតិវិទ្យុ សកម្មដូចគ្នា៕