ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អង្គការ UNESCO ថា ប្រព័ន្ធសង្គមឌីជីថល បានបង្កើតឱកាសដល់ជនខិលខូច ប្រព្រឹត្តបទល្មើសតាមបច្ចេកវិទ្យា ដូចជា ៖ ការឆបោក ការលួចលុយ ជាដើម។
នាឱកាសអនុញ្ញាតឱ្យ លោក Sadar Uma Alam អ្នកតំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសនានាលើពិភពលោក គឺសុទ្ធសឹងជួបប្រទះបញ្ហាប្រឈមចំពោះមុខពាក់ព័ន្ធវិស័យឌីជីថល។ ជាគោលការណ៍រាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបញ្ចេញមតិ ប៉ុន្ដែទន្ទឹមនឹងនេះ ក៏ត្រូវមានការទប់ស្កាត់មតិណាអាចមានផលប៉ះពាល់ដល់ប្រយោជន៍សង្គមផងដែរ។
សម្ដេច បញ្ជាក់ថា «ប្រព័ន្ធសង្គមឌីជីថលនេះ ក៏បានបង្កើតឱកាសដល់ជនខិលខូចមួយចំនួនផងដែរ ក្នុងការប្រព្រឹត្តិបទល្មើសតាមបច្ចេកវិទ្យា ដូចជា ៖ ការឆបោក ការលួចលុយ»។
សម្ដេច ក៏មានផេកហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរ បានបើកចំហរឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ក្នុងនោះ ក៏មានពាក្យបណ្ដឹងបទល្មើសបបច្ចេកវិទ្យាជាច្រើនផងដែរ។ សម្ដេច ក៏បានលើកឧទាហរណ៍ ដូចជា ការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម ហើយ សម្ដេច បានពិនិត្យឃើញថា សមត្ថកិច្ចកម្ពុជាសមត្ថភាពនៅមានកម្រិតក្នុងការដោះស្រាយ ករណីពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យានេះដែរ។
ពាក់ព័ន្ធវិស័យការងារបញ្ចេញមតិនេះដែរ លោក Sadar Uma Alam បានលើកឡើងថា បណ្ដាញសង្គមក្នុងបច្ចេកវិទ្យាសម័យថ្មីនេះបានផ្លាស់ប្ដូរនូវរបៀបរបបដែលសាធារណៈជនអាចទទួលព័ត៌មាន ហើយបានបង្កើតបានជាបញ្ហាស្មុគស្មាញដល់អ្នកសារព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងនោះដែរវាក៏បានផ្ដល់ផលប៉ះពាល់ដល់សង្គមផងដែរ ដូចជា៖ ផ្ដល់ឱកាសដល់ជនឧក្រិដ្ឋអាចប្រព្រឹត្តបទល្មើសទៅតាមបច្ចេកវិទ្យា៕