ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលហៅកាត់ថា EDC បានចេញមុខបញ្ជាក់ថា មានកត្ដាចំនួន២ ដែលនាំឱ្យរាជរដ្ឋាភិបាល សម្រេចមិនតំឡើង ថ្លៃអគ្គិសនី ទោះបីកំពុងជួបប្រទះនូវវិបត្តិ ដែលផ្ដើមចេញកូវីដ១៩ និងកាន់តែធ្ងន់បន្ថែមទៀតនោះ គឺសង្គ្រាមនៅអ៊ុយក្រែន។
ចំនុចទាំងពីរនោះរួមមាន៖
១/យកលុយរដ្ឋ ទៅចេញជំនួសប្រជាជន ។
២/អភិវឌ្ឍន៍ប្រភពថាមពលស្អាត និងប្រភពថាមពលកកើតឡើងវិញ ដោយមិនចំណុះប្រេង និងធ្យូងថ្ម នោះគឺការខិតខំអភិវឌ្ឍ ទំនប់វារីអគ្គិសនី ដែលមានក្នុងស្រុកស្រាប់ ។
លោក បន្ថែមថា មួយវិញទៀតប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា បានខិតខំប្រឹង ប្រែងអភិវឌ្ឍន៍ថាមពលកកើតឡើងមួយទៀត គឺថាមពលដើរ ដោយពន្លឺព្រះអាទិត្យ តាំងពី០មេកាវ៉ាត់ទៅជា៥០០មេកាវ៉ាត់ ។
ការលើកឡើងរបស់ លោក កែវ រតនៈ បែបនេះ ស្របពេល ដែលពិភពលោក កំពុងជួបវិបត្តិថាមពល ធ្ងន់ធ្ងរ ដែលផ្ដើមចេញពីការដាក់ទណ្ឌកម្មគ្នា ទៅវិញទៅមក រវាងលោកខាងលិច អឺរ៉ុប ដែលដឹកនាំដោយសហរដ្ឋអាមេរិក ជាមួយរុស្ស៊ី។
ថ្លែងនៅក្នុងកិច្ចសន្ទនា ស្ដីពីថាមពលស្អាត និងសេដ្ឋកិច្ចប្រកបដោយចីរភាព របស់កម្ពុជា លោក កែវ រតនៈ បានលើកឡើងថា ការកើនឡើងថ្លៃមួយទ្វេជាបី នៃប្រភពផ្គត់ផ្គង់ (ប្រេង ឧស្ម័នហ្គាស និងធ្យូងថ្ម) បានធ្វើឱ្យតម្លៃអគ្គិសនី កើនឡើង ទូទាំងពិភពលោក ហើយក៏ជាកត្តាធ្វើឱ្យប៉ះពាល់ ដល់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងធ្វើឱ្យការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ មានផលរំខានផងដែរ។
លោក កែវ រតនៈ បញ្ជាក់ថា «ក្នុងស្ថានភាពនេះ អ្វីដែលកម្ពុជាធ្វើខុស ពីប្រទេសជិតខាង ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងចង្អុលទិស ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន គឺអត់ឡើងថ្លៃភ្លើងនោះទេ ទោះបីមានបញ្ហាកូវីដនិងសង្គ្រាមអ៊ុយក្រែន»៕