ព័ត៌មានអន្តរជាតិ

ក្រុមនាវាចម្បាំងអាមេរិក រួមទាំងនាវាផ្ទុកយន្តហោះប្រវែង ៣៣៣ ម៉ែត្រ ផ្ទុកយន្តហោះ និងឧទ្ធម្ភាគចក្រ ៩០ គ្រឿង ធ្វើដំណើរទៅអឺរ៉ុប

បរទេស៖ សារព័ត៌មាន Defense Journal របស់អង់គ្លេសបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអាមេរិកមួយក្រុម ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះទំនើប USS Gerald Ford ត្រូវបានគេរំពឹងថានឹងបោះយុថ្កានៅជិតទីក្រុង Portsmouth នៅភាគខាងត្បូង ចក្រភពអង់គ្លេស នៅពាក់កណ្តាលខែវិច្ឆិកានេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានបានកត់សម្គាល់ថា កាលបរិច្ឆេទពិតប្រាកដនៃការមកដល់របស់កងនាវាចរ ដែលរួមមាននាវាចម្បាំងចំនួន៧គ្រឿងផ្សេងទៀត មិនត្រូវបានប្រកាសជាសាធារណៈនោះទេ។ ការចេញផ្សាយទិន្នន័យបែបនេះឥឡូវនេះ “ប្រហែលជាមិនមែនជាគំនិតដ៏ល្អបំផុតពីទិដ្ឋភាពសុវត្ថិភាពនោះទេ” ។

នាវាអាមេរិកមួយចំនួននឹងចូលចតនៅមូលដ្ឋានទ័ពជើងទឹក Portsmouth របស់កងទ័ពជើងទឹកអង់គ្លេស Royal Navy ខណៈពេលដែលនាវា USS Gerald Ford នឹងត្រូវបោះយុថ្កានៅខាងក្រៅ នៅតាមដងផ្លូវក្នុងតំបន់ Spithead ដោយសារទំហំរបស់វា។

តាមសេចក្តីរាយការណ៍ នាវាផ្ទុកយន្តហោះប្រវែង ៣៣៣ ម៉ែត្រនេះ ផ្ទុកយន្តហោះ និងឧទ្ធម្ភាគចក្រប្រហែល ៩០ គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែក F-35C ជំនាន់ទី 5៥ ផងដែរ។

នាវា USS Gerald Ford ដែលត្រូវបានតែងតាំងដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៧ គឺជាកប៉ាល់ទីមួយនៃប្រភេទ Ford class ដែលមានឈ្មោះស្រដៀងគ្នា ហើយជានាវាផ្ទុកយន្តហោះដ៏ធំបំផុតនៅលើពិភពលោក៕

To Top