ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់នូវេសហ្សេឡង់ថា ការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីពង្រឹងសមត្ថភាព កងទ័ពជើងទឹកកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់លោកស្រីJacinda Ardern នាយករដ្ឋមន្ត្រីនូវេសហ្សេឡង់ថា ការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោលបំណងតែមួយគត់គឺ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ។

ការអះអាងជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ប្រទេសលោកខាងលិច ជាបន្តបន្ទាប់បានចោទកម្ពុជា ផ្ដល់ទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម ឱ្យចិនសាងសង់មូលដ្ឋាន កងទ័ពជើងទឹកដោយសម្ងាត់ សម្រាប់បម្រើឱ្យវិស័យយោធាផ្តាច់មុខ ដែលការណ៍នេះនឹងអាចធ្វើឱ្យកម្ពុជា ក្លាយជាមូលដ្ឋានកងទ័ព របស់ចិនទីមួយ នៅក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងជាមូលដ្ឋាន កងទ័ពទីពីរ របស់ចិន នៅលើពិភពលោក ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវេសហ្សេឡង់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីជំហររបស់កម្ពុជា ប្រឆាំងនឹងការគំរាមកំហែង ដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានលើកឡើងជាថ្មី នូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ របស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យ ឬមានវត្តមានមូលដ្ឋានកងទ័ពបរទេស នៅលើទឹកដីកម្ពុជា ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពស្មុគស្មាញ នៃវិបត្តិមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញការអនុវត្តនៃ ការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំអាស៊ាន ៕

To Top