ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជាស្នេី ឲ្យប្រទេសហុងគ្រីជួយរក្សា EBAពីការព្រមានព្យួររបស់ សហភាពអឺរ៉ុប

ភ្នំពេញ: រដ្ឋសភាកម្ពុជាចង់ឲ្យ សាធារណរដ្ឋហុងគ្រី ដែលជាប្រទេសមួយ ក្នុងសហភាពអឺរ៉ុប គាំទ្រចំពោះការរក្សា ភាពអនុគ្រោះនាំទំនិញ ចូលទីផ្សារអឺរ៉ុបសម្រាប់គ្រប់ មុខទំនិញទាំងអស់លើកលែងគ្រឿង សព្វាវុធ(EBA)សម្រាប់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាបន្ថែមទៀត។ នេះបេីយោង តាម AKP។

ថ្លែងក្នុងឱកាសជួបសម្តែង ការគួរសមជាមួយលោក យាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ហុងគ្រី គឺជាមិត្តចាស់របស់កម្ពុជា ដែលធ្លាប់មានគុណបំណាច់ ដ៏ធំចំពោះកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីកម្ពុជា ទើបបានរំដោះពីរបប ប៉ុល ពត។ មិនត្រឹមតែប៉ុណ្ណោះ ហុងគ្រីក៏បានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការស្វែងរកសន្តិភាព ជូនកម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជាទៀតផងដែរ។

សម្តេចបន្តថា ក្នុងដំណាក់កាលថ្មីនេះ ប្រទេសហុងគ្រីនៅតែដើរតួសំខាន់ ក្នុងចំណោមសមាជិកនៃសហភាពអឺរ៉ុបដែលជួយគាំទ្រ ចំពោះការរក្សាEBA សម្រាប់ផ្តល់ជូនកម្ពុជាបន្តទៀត។

សម្តេចរដ្ឋសភាកម្ពុជា បានវាយតំលៃខ្ពស់ និងពេញចិត្ត ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ រួមទំាងសមិទ្ធិផលនានា ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទំាងពីរខិតខំរួមគ្នា សម្រេចបានមកនេះ។

បើតាមអ្នកនាំពាក្យ គឺមិនទាន់មានការឆ្លើយតបបែបណានោះទេ ចំពោះបញ្ហាEBAដោយលោកប្រធានាធិបតី សាធារណរដ្ឋហុងគ្រី គ្រាន់តែសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍនិងអរិយធម៌ ដ៏រុងរឿងរបស់កម្ពុជា ពិសេសការអភិវឌ្ឍទីក្រុងភ្នំពេញប្រកបដោយវិបុលភាព ដោយមានអគារខ្ពស់ៗ នាពេលបច្ចុប្បន្ននេះ ជាសញ្ញាបង្ហាញពីអនាគតដ៏ល្អរបស់កម្ពុជា។

លោកប្រធានាធិបតីបានជម្រាប សម្តេចប្រធានរដ្ឋសភាថា កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងយូរលុងមកហើយ ប្រាសាទអង្គរ ជាអច្ឆរិយដ៏ល្អឯកមួយ ដែលពលរដ្ឋហុងគ្រីចង់មកទស្សនា រួមទំាងខ្លួនលោកផង។

គណៈកម្មការអឺរ៉ុប កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការឈានទៅរកការព្យួរប្រព័ន្ធEBAពីកម្ពុជា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ប្រសិនបើរកឃើញថា កម្ពុជាមិនមានការវិលត្រឡប់ទៅរកភាពល្អប្រសើរគ្រប់គ្រាន់ទៅលើបញ្ហាសិទ្ធិមនុស្ស
និងប្រជាធិបតេយ្យ។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា មានសុទិដ្ឋិនិយមថា សហភាពអឺរ៉ុបនឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជានោះឡើយដោយសារតែកម្ពុជាបានអនុវត្តតាមគោលការណ៍កំណត់ របស់សហភាពអឺរ៉ុបផ្នែកសិទ្ធិការងារ សិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិ ការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាដើម៕


To Top