ប៊ែរឡាំង ៖ ក្រុមហ៊ុន Uniper ដែលជាក្រុមហ៊ុននាំចូលឧស្ម័នដ៏ធំបំផុត របស់អាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងទាមទាររហូតដល់ ២៥ ពាន់លានអឺរ៉ូ (២៥ពាន់លានដុល្លារអាមេរិក) នៅក្នុងជំនួយរដ្ឋបន្ថែម ដែលជាលទ្ធផល នៃវិបត្តិថាមពល។
ក្រុមហ៊ុនបានឲ្យដឹងថា ការបង្កើនដើមទុន ដែលបានគ្រោងទុកចំនួន ៨ពាន់លានអឺរ៉ូនឹង “មិនគ្រប់គ្រាន់ ដើម្បីធ្វើឱ្យក្រុមហ៊ុន Uniper មានស្ថេរភាពនោះទេ” ។ ដើមទុនបន្ថែម គឺត្រូវបង្កើត ដោយការចេញភាគហ៊ុន ដែលរដ្ឋាភិបាលអាល្លឺម៉ង់ នឹងក្លាយជាអតិថិជន តែមួយគត់។
ក្រុមហ៊ុន Uniper បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “នេះត្រូវបានប្រើ ដើម្បីស្ដារឡើងវិញ ផ្នែកខ្លះនៃភាគហ៊ុនដែលចុះខ្សោយដោយការ ខាតបង់បន្ថែមទៀត នៅឆ្នាំ២០២២, ២០២៣ និង ២០២៤ ជាពិសេសទាក់ទងនឹង លទ្ធកម្មជំនួស ឧស្ម័ន ដែលជាលទ្ធផល នៃការរឹតបន្តឹងការផ្គត់ផ្គង់ ឧស្ម័នរបស់រុស្ស៊ី” ។
យោងតាមក្រុមហ៊ុន Uniper បានឱ្យដឹងថា ជាវិធានការស្ពាន ធនាគារ KfW ដែលគ្រប់គ្រងដោយរដ្ឋ របស់អាល្លឺម៉ង់ គឺដើម្បីផ្តល់ហិរញ្ញប្បទាន បណ្តោះអាសន្ន។ ធនាគារក៏ជាអ្នកចែកចាយជំនួយរដ្ឋ សំខាន់មួយក្នុងអំឡុង ពេលការរាតត្បាត នៃជំងឺកូវីដ-១៩។
នាយកប្រតិបត្តិក្រុមហ៊ុន Uniper លោក Klaus-Dieter Maubach បានលើកឡើងថា “វិធានការដើមទុន ដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ នឹងបញ្ចប់ភាពមិនច្បាស់លាស់ ជាច្រើនខែសម្រាប់ក្រុមហ៊ុន និងអតិថិជន របស់យើង” ។ ការគាំទ្រនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន ផ្គត់ផ្គង់ឧស្ម័នក្រោមលក្ខខណ្ឌ ដែលបានចុះកិច្ចសន្យាមុនពេលចាប់ផ្តើម ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
រដ្ឋាភិបាលអាល្លឺម៉ង់ បានបោះជំហានរួចហើយ នៅក្នុងខែកញ្ញា ដើម្បីជួយសង្គ្រោះក្រុមហ៊ុន Uniper ពីការក្ស័យធន ដោយសារតែតួនាទីសំខាន់ របស់ខ្លួននៅក្នុងការផ្គត់ផ្គង់ ថាមពលរបស់ប្រទេស ។ បន្ទាប់ពីការបង្កើនដើមទុន ដែលបានគ្រោងទុក ជាលើកដំបូង និងការទទួលបានកញ្ចប់ ភាគហ៊ុនពីក្រុម ថាមពលហ្វាំងឡង់ Fortum ភាគហ៊ុន របស់រដ្ឋាភិបាលនឹងមានប្រហែល ៩៩ ភាគរយ៕