ភ្នំពេញ៖ បញ្ហាកូវីដ-១៩ប្រហែលលែងជាកត្តារំខានខ្លាំងដល់ការប្រឡងបាក់ឌុប នៅកម្ពុជា ដូចឆ្នាំមុនៗទៀតហើយ បន្ទាប់ពីរាជរដ្ឋាភិបាល គ្រប់គ្រងទប់ស្កាត់ជំងឺនេះ ទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋសិស្សានុសិស្ស ស្ទើរតែគ្រប់គ្នា បានចាក់វ៉ាក់សាំងការពារជំងឺនេះ។
លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ កាលពីពេលថ្មីៗនេះថា៖រាជរដ្ឋាភិបាល បានប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈស្រោចវ៉ាក់សាំង ទូទាំងប្រទេស ដែលធ្វើឱ្យយើងមានលទ្ធភាពបើកសាលាឡើងវិញ នៅដើមឆ្នាំ២០២២ បន្ទាប់ពីការរៀនតាមអនឡាញមួយរយៈមក ខណៈការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងមិនតម្រូវឱ្យបេក្ខជន ធ្វើតែស្តរកមេរោគកូវីដ-១៩នោះទេ ។
សំឡេង៖«សូមឱ្យបេក្ខជនទាំងអស់ ត្រួតពិនិត្យសុខភាពដោយខ្លួនឯង ប្រសិនបើមានអាការៈមិនស្រួល ដែលក្ដៅខ្លួនឈឺក្បាល ក្អកដែលជាលក្ខណៈកូវីដ សូមធ្វើតែស្តជាមុនដោយខ្លួនឯង ហើយជូនដំណឹង ដល់មណ្ឌលប្រធានប្រឡង គឺយើងនឹងរៀបចំ ជាបន្ទប់ពិសេសមួយ សម្រាប់បេក្ខជន ដើម្បីឱ្យបេក្ខជនចូលរួម ប្រឡងបានដោយមិន បង្កើតហានិភ័យដល់បេក្ខជនផ្សេងទៀត។ម្យ៉ាងវិញទៀតបេក្ខជនត្រូវពាក់ម៉ាស់ជា ប្រចាំ ដើម្បីបន្តការពារសុវត្ថិភាព លោកគ្រូអ្នកគ្រូដែលជាគណៈកម្មការមេប្រយោគ និងគណៈកម្មការផ្សេងៗ ទៀត ក៏ត្រូវតែពាក់ម៉ាស់ជាប្រចាំនិងបន្តអនុវត្តន៍ នូវវិធានការការពារជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលនៅពេលប្រឡង»។
អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា បានចាត់ទុកថា បើទោះបីជាជំងឺកូវីដ១៩នៅតែបន្តកើតមានខ្លះៗក្តី ប៉ុន្តែវាមិនបានប៉ះពាល់ធ្ងន់ធ្ងរហូតដល់ស្លាប់ និងបិទប្រទេសដូចមុនទៀតទេ ដែលនេះជាអំណោយផលល្អ ដល់វិស័យសេដ្ឋកិច្ច សង្គមជាតិ ជាពិសេសដំណើរការប្រឡងប៉ាក់ឌុបឆ្នាំនេះ។
ជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងកូវីដ១៩នេះ កើតចេញពីនយោបាយប្រកបដោយ ភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាពិសេសការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នា ចំណោមប្រជាជនជាង១៦លាននាក់។
បើនិយាយពីវ៉ាក់សាំង ការពារកូវីដ១៩នេះដែរ យើងនឹកឃើញភ្លាមដល់មហាមិត្តចិន ដែលបានផ្តល់វ៉ាក់សាំងនេះដល់ប្រទេសកម្ពុជាមុនគេ ហើយក្នុងចំនួនយ៉ាងច្រើនថែមទៀតផង ពេលកម្ពុជាកំពុងប្រឈមខ្លាំង ក្នុងការផ្ទុះកូវីដ១៩នាពេលកន្លងមក។
ជំនួយវ៉ាក់សាំង និងបរិក្ខាពេទ្យរបស់មិត្តចិន និងពីបណ្តាប្រទេសជាដៃគូ ព្រមទាំងអង្គការសុខភាពពិភពលោក ជាបន្តបន្ទាប់ ពិតជាផ្តល់ផលវិជ្ជមាន សម្រាប់សង្គមកម្ពុជា នាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យកម្ពុជា អាចដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យក្នុងនោះសាលារៀន គ្រប់កម្រិតសិក្សាក៏បានបើកធម្មតា ជាមួយនឹងវិធានការការពារកូវីដ១៩ របស់ក្រសួងសុខាភិបាល។
សរុបមកដោយសារបញ្ហាកូវីដ១៩ លែងចោទជាបញ្ហាធំដូចឆ្នាំមុនៗទើបការប្រឡងប៉ាក់ឌុបឆ្នាំនេះ មិនតម្រូវឱ្យធ្វើតេស្តមុនពេលចូលប្រឡងឡើយ ដែលនេះបង្ហាញថា បញ្ហាកូវីដ១៩លែងចោទជាបញ្ហា សម្រាប់សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធលើការងារប្រឡងនេះទៀតហើយ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់បេក្ខជន ប្រឡងបាក់ឌុបនោះ គឺសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបាន លទ្ធផលល្អប្រឡងជាប់ទាំងអស់គ្នា។
ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចយកថ្ងៃទី៥-៦ ខែធ្នូឆ្នាំ២០២២ ជាថ្ងៃប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដោយគោរពតាម គោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចូលរួមប្រឡងជាង ១២ម៉ឺននាក់ ក្នុងនោះមានបេក្ខនារីជិត ៧ម៉ឺននាក់ មាន ២២១ មណ្ឌលប្រឡង ស្មើនឹង ៥ ១៧៤ បន្ទប់នៅទូទាំងប្រទេស។ ចំពោះលទ្ធផលវិញគ្រោង នឹងប្រកាសនៅថ្ងៃទី២៧ខែធ្នូ សម្រាប់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែក ខេត្តផ្សេងៗទៀតនឹងប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕ (អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន )