ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់វិធានការ ចំពោះមន្រ្តី និងកងកម្លាំង ដែលប្រព្រឹត្តបទល្មើស ឬយកប្រជាពលរដ្ឋ ធ្វើជាចំណាប់ខ្មាំង

ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការព្រមាន ចាត់វិធានការ ចំពោះមន្ត្រីរាជការ និងកងកម្លាំង រូបណា ដែលដើរប្រព្រឹត្តបទល្មើស ឬយកប្រជាពលរដ្ឋ ជាចំណាប់ខ្មាំង គ្រប់រូបភាពណាមួយក៏ដោយ ។

ថ្លែងនៅក្នុង កិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ខូយ រីដា បានលើកឡើងថា គោលនយោបាយ របស់រាជរដ្ឋាភិបាល គឺការធ្វើឲ្យប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន មានភាពកក់ក្តៅ សប្បាយចិត្ត និងមានជីវភាព កាន់តែល្អប្រសើរឡើង។

លោកសង្កត់ធ្ងន់ថា «បើមានកងកម្លាំង ឬមន្ត្រីរាជការរូបណា ដើរប្រព្រឹត្តបទល្មើស ឬយកប្រជាពលរដ្ឋជាចំណាប់ខ្មាំង គ្រប់រូបភាពណាមួយ នោះមិនមែនជាមន្ត្រីរាជការ ឬកងកម្លាំងទេ តែជាជនល្មើស ហើយនឹងត្រូវចាត់វិធានការ តាមផ្លូវច្បាប់»។

លោក ខូយ រីដា ព្រមាន បន្ដែមថា ៖ ល្បែងស៊ីសង គ្រឿងញៀន ចោរលួច ឆក់ប្លន់ អំពើហិង្សា និងការជួញដូរមនុស្ស បើកើតមាននៅមូលដ្ឋាន ណាដដែលៗនោះ គឺមានន័យថា កងកម្លាំង ឬអ្នកដឹកនាំនៅទីនោះ គ្មានសមត្ថភាព គ្រប់គ្រងនិងធ្វើកិច្ចការងារ របស់រាជរដ្ឋាភិបាលទេ មន្ត្រីបែបនេះក៏នឹងត្រូវ កែសម្រួលដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រាប់ដល់ មន្ត្រីទាំងអស់ត្រូវរួមគ្នា ខិតខំធ្វើការងារ និងមកបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានល្អ កុំព្រួយបារម្ភថា នឹងត្រូវបានគេដកហូត ទៅណាមកណា លើកលែងតែមិនធ្វើការ ឬធ្វើខុសឆ្គាំឆ្គង ដែលប្រាស់ចាកមិនអាចលើកលែងបាន៕

To Top