ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ថ្លែងអំណរគុណភាគី ពាក់ព័ន្ធដែលចូលរួម រៀបចំដំណើរការប្រឡង បាក់ឌុបដោយជោគជ័យ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម រៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ បានល្អ និងប្រកបដោយជោគជ័យ។

តាមរយៈសារថ្លែងអំណរគុណរបស់ លោក ហង់ជួន ណារ៉ុន នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រឡងបាក់ឌុប ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោករដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា «តាងនាមឱ្យថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណចំពោះ គណៈមេប្រយោគទាំងអស់ រួមទាំងអនុរក្ស ដែលបានរៀបចំនូវដំណើរការប្រឡងនេះ បានល្អ និងប្រកបដោយជោគជ័យ។ ខ្ញុំ សូមថ្លែងអំណរគុណដល់បេក្ខជនទាំងអស់ ដូចជា មាតា-បិតា ទាំងអស់ បានចូលរួមគាំទ្រ ជាពិសេសបេក្ខជន បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ នៅសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា»។

លើសពីនេះ លោករដ្ឋមន្ដ្រី ក៏ថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ៖ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធររាជធានី-ខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ធនាបានសុខសុវត្ថិភាព ក៏ដូចជា ជួយសម្រួលដល់ប្រឡងនេះ ជាពិសេស បានជួយគាំទ្រដល់បេក្ខជនដោយបង្កលក្ខណៈងាយស្រួល ឱ្យបេក្ខជន មកស្នាក់នៅ និងនៅតាមមណ្ឌលប្រឡងនានា។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីអប់រំ បានថ្លែងអំណរគុណចំពោះ មាតា-បិតា របស់បេក្ខជនទាំងអស់ បានចូលរួមចំណែក ក្នុងការប្រឡងនេះឱ្យទទួលបានជោគជ័យផងដែរ។

សូមរំលឹកថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះ បេក្ខជនចុះឈ្មោះប្រឡងចំនួន ១២៨១៣៥នាក់ ស្រី៦៨៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់។ ដំណើរការសំណេរ ត្រូវបានចូលរួមរៀបចំដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាចំនួន១៧ ២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន ២៧៥៦នាក់ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ចំនួន ៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី-ខេត្តចំនួន ២៧០០នាក់។

ក្នុងនោះដែរ បេក្ខជនអវត្តមានចំនួន ២៤០០នាក់ (ត្រូវជា១,៨៧ភាគរយ នៃបេក្ខជនសរុប) (ស្រី១០៣៦នាក់។ បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ៤ករណី និងសង្ស័យវិជ្ជមានជំងឺកូរីដ-១៩ មាន ៤ករណី។ បេក្ខជន ដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន ៣ករណី។ គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន ១៤នាក់ ក្នុងនោះ ១នាក់ មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕

To Top