ភ្នំពេញ៖បន្ទាប់ពីការវាយតម្លៃរួច គណៈកម្មការដាក់ពិន្ទុ បានស្វែងរកក្រុមធុរកិច្ចថ្មីឆ្នើមជាងគេចំនួន ៣ ក្រុមដើម្បីទទួលបានជ័យលាភី និងទឹកប្រាក់រង្វាន់សរុប ៩០ លានរៀល ក្នុងកម្មវិធី នវានុវត្តន៍បញ្រ្ចាសរដូវកាលទី២។ កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី២នេះ គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលតម្រូវឱ្យក្រុមហ៊ុនធំៗដៃគូដូចជា ធនាគារជាដើម កំណត់បញ្ហាផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួន ដែលខ្លួនកំពុងប្រឈមមកឱ្យសហគ្រិន នវានុវត្តជន ជាអ្នករកនវានុវត្តន៍ដំណោះស្រាយលើបញ្ហាទាំងនោះ។
កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានរៀបចំ «ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» ដែលជាវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ២ នៅក្នុងសណ្ឋាគារ Oakwood ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ។
បេក្ខជនទាំង ៧ ក្រុមក្នុងកម្មវិធីបានធ្វើបទបង្ហាញជាលក្ខណៈ Pitch អំពីគំនិតអាជីវកម្មរបស់ខ្លួនទៅកាន់គណៈកម្មការដើម្បីធ្វើការវិនិច្ឆ័យដាក់ពិន្ទុ ដោយការផ្តល់ពិន្ទុបានផ្តោតទៅលើប្រសិទ្ធភាពនៃគំនិតអាជីវកម្ម លទ្ធភាពជោគជ័យ នវានុវត្តន៏ ការធ្វើប្រតិបត្តិការ និងចំណុចសំខាន់ៗផ្សេងទៀត។
គណៈកម្មការទាំង ៥ រូបរួមមាន លោក ឈុន វឌ្ឍនភក្ដី ដែលជាអគ្គនាយករងនៃក្រុមហ៊ុន វីង ម៉ាន់នី (ខេមបូឌា) ម.ក, លោក អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី, លោក ចាន់ រដ្ឋា ដែលជាអគ្គនាយកក្រុមហ៊ុន FWD Cambodia, លោក សុខ កុសល ដែលជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និងលោក កឹម បូរ៉ា ដែលជានាយកនៃក្រុមហ៊ុន Mekong Strategic Partners។
បន្ទាប់ពីការវាយតម្លៃរួច គណៈកម្មការដាក់ពិន្ទុ បានស្វែងរកក្រុមធុរកិច្ចថ្មីឆ្នើមជាងគេចំនួន ៣ ក្រុមដើម្បីទទួលបានជ័យលាភី និងទឹកប្រាក់រង្វាន់សរុប ៩០ លានរៀល រួមមាន៖ (១) ជ័យលាភីលេខ១ បានទៅ តេស្ត១២ ដោយទទួលបាន ៤០ លានរៀល ដែលជាប្រាក់ឧបត្ថម្ភពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, (២) ជ័យលាភីលេខ ២ បានទៅ Sala Tech ដោយទទួលបាន ៣០ លានរៀលដែលជាប្រាក់ឧបត្ថម្ភពី សហគ្រិនខ្មែរ, និង (៣) ជ័យលាភីលេខ ៣ បានទៅ Tenbox ដោយទទួលបាន ២០ លានរៀលដែលជាប្រាក់ឧបត្ថម្ភពី ធនាគារ វីង (ខេមបូឌា) ម.ក។ ក្រៅពីម្ចាស់ជ័យលាភីទាំង ៣ ក្រុម, គណៈកម្មការក៏បានសម្រេចចិត្តផ្តល់រង្វាន់ “Honorable Mention” ដល់ DolFinn ដែលមានភាពល្អប្រសើរក្នុងការធ្វើការងារជាក្រុមប្រកបដោយភាពស្វាហាប់ និងសក្តានុពលនៃយុវជនដែលមានទេពកោសល្យ។
តេស្ត១២ គឺជាកម្មវិធីសិក្សាផ្អែកលើសមត្ថភាពដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា សម្រាប់សិស្សវិទ្យាល័យក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យានិងវិទ្យាសាស្ត្រ។ ខ្លឹមសារនៃការសិក្សាក្នុងកម្មវិធី តេស្ត១២ គឺដើម្បីបំពេញបន្ថែមពីលើកម្មវិធីសិក្សាបច្ចុប្បន្នរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែក Sala Tech គឺជាទីផ្សារដែលមានមុខពីរ សម្រាប់សិស្សវិទ្យាល័យក្នុងការការជ្រើសរើសមុខជំនាញ និងអាជីពដែលល្អប្រសើរ និងសម្រាប់គ្រឹះស្ថានសិក្សាក្នុងការភ្ជាប់ និងចូលរួមជាមួយសហគមន៍របស់សិស្សានុសិស្ស។ សម្រាប់ Tenbox វិញគឺមានតួនាទីជួយម្ចាស់ហាងលក់រាយ ក្នុងការបញ្ជាទិញទំនិញសម្រាប់ស្តុកទុកទាំងអស់ របស់ពួកគេនៅកន្លែងតែមួយ តាមរយៈការភ្ជាប់ម៉ាកទំនិញនានាជាមួយម្ចាស់ហាង និងការផ្គត់ផ្គង់ឱ្យម្ចាស់ហាងដោយស្វ័យប្រវត្តិនិងប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី២ បែងចែកជា ៥ ដំណាក់កាល៖ (១) ថ្ងៃបទបង្ហាញបញ្ច្រាស (Reverse Pitch Day), (២) វគ្គបំផុសគំនិត (Turing Hackathon), (៣) វគ្គជំរុំចាប់ផ្តើម ឬបុរេ-RI (Pre-RI Bootcamp), (៤) វគ្គពន្លឿនអាជីវកម្ម ឬនវានុវត្តន៍បញ្ច្រាស (RI Acceleration), និង (៥) ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ (Forward Pitch Day)។
កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី២ ត្រូវបានប្រកាសបើកឱ្យដំណើរការនៅ ថ្ងៃបទបង្ហាញបញ្ច្រាស កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ដោយមានការចូលរួមពីសំណាក់សាជីវកម្ម-ក្រុមហ៊ុនធំៗចំនួន ៥ ក្នុងការធ្វើបទបង្ហាញអំពី ចំណោទបញ្ហារបស់ខ្លួនរួមមាន៖ ធនាគារ វីង (ខេមបូឌា) ម.ក, ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, និង ក្រុមហ៊ុនធានារ៉ាប់រង FWD Cambodia។
ក្រុមធុរកិច្ចថ្មីសរុបចំនួន ១០ ក្រុមត្រូវបានសម្រាំងឱ្យចូលរួមក្នុង វគ្គជំរុំចាប់ផ្ដើម រយៈពេល ២ សប្ដាហ៍។ ក្រៅពីការបណ្ដុះបណ្ដាលពីអ្នកជំនាញ, ក្រុមធុរកិច្ចថ្មីនីមួយៗ បានទទួលប្រាក់មូលនិធិអភិវឌ្ឍផលិតផលគំរូ (Prototype Fund) ដែលជាការឧបត្ថម្ភពី សហគ្រិនខ្មែរ។ ថ្ងៃបទបង្ហាញជាសាធារណៈ បានបញ្ចប់ដោយជោគជ័យ ដោយគណៈកម្មការដាក់ពិន្ទុ បានជម្រុះយកក្រុមធុរកិច្ចថ្មីត្រឹមចំនួន ៨ ក្រុមឱ្យបន្តទៅវគ្គបន្ទាប់ រួមមាន៖ (១) ក្រុមធុរកិច្ចថ្មី AttraBrak, (២) ក្រុមធុរកិច្ចថ្មី DolFinn, (៣) ក្រុមធុរកិច្ចថ្មី Kotluy, (៤) ក្រុមធុរកិច្ចថ្មី Pethyoeung, (៥) ក្រុមធុរកិច្ចថ្មី Polymer Pay, (៦) ក្រុមធុរកិច្ចថ្មី SalaTech, (៧) ក្រុមធុរកិច្ចថ្មី Tenbox, និង (៨) ក្រុមធុរកិច្ចថ្មី តេស្ត១២។ ក្រុមធុរកិច្ចថ្មីទាំង ៨ ក្រុមដែលបានឆ្លងកាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជោគជ័យនិងបានបន្តដំណើររបស់ខ្លួនក្នុង ដំណាក់កាលពន្លឿនអាជីវកម្ម រយៈពេល ៨ សប្ដាហ៍ដើម្បី អភិវឌ្ឍគំនិតអាជីវកម្មឬផលិតផលគំរូ (Prototype) របស់ខ្លួនឱ្យក្លាយទៅជាផលិតផលអប្បបរិមា (Minimum Viable Product) និងពង្រឹងសមត្ថភាពបន្ថែមដើម្បីអាចចូលទៅទីផ្សារបាន។
ក្រុមធុរកិច្ចថ្មីនីមួយៗក៏បានទទួលការគាំទ្រជាបន្តបន្ទាប់រួមមាន៖ ប្រាក់បុរេមូលនិធិ (Pre-seed Fund) ពីសហគ្រិនខ្មែរ, សេវាកម្មក្លោដពី Amazon Web Services និង Huawei Cloud, ក៏ដូចជាការតម្រង់ទិសពីដៃគូពាក់ព័ន្ធ ជាពិសេសសហគ្រិន ប្រចាំការ។ ដោយឡែក ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ ដែលជាវគ្គផ្ដាច់ព្រ័ត្រនៃ កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី២ បានប្រព្រឹត្តទៅដោយជោគជ័យដូចការរំពឹងទុក នាថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២២ នៅសណ្ឋាគារ Oakwood Premier Phnom Penh។
កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ២ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងសហការរៀបចំកម្មវិធីដោយ សមាគមធនាគារនៅកម្ពុជា និងសហគ្រិនខ្មែរ។ អ្នកឧបត្ថម្ភកម្មវិធីរួមមាន៖ ធនាគារ វីង (ខេមបូឌា) ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា និងក្រុមហ៊ុន Optistech Co.,Ltd។ ដៃគូសហការដែលចែករំលែកបញ្ហាប្រឈមរបស់ស្ថាប័នពួកគេរួមមាន៖ ធនាគារ វីង (ខេមបូឌា), ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ, និងក្រុមហ៊ុនធានារ៉ាប់រង FWD Cambodia៕