អត្ថបទ

ក្រុមហ៊ុន EZECOM ឈ្នះ​ពានរង្វាន់ «ស្ថាប័ននុវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ» ពីកម្មវិធី​ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២២

​​ក្រុមហ៊ុន Ezecom ដែល​ជា​ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់​ខ្ពស់​ឈាន​​មុខ​​គេ​​មួយ ​​នៅ​​​ក្នុង​ប្រទេស​​កម្ពុជា និង​ជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បាន​បញ្ជាក់សារជាថ្មីអំពីតួនាទី​របស់ខ្លួនថា​​ ជាក្រុមហ៊ុនដ៏សំខាន់​មួយ​​ក្នុងការ អភិវឌ្ឍន៍​វិស័យឌីជីថល​របស់​កម្ពុជា​ តាម​រយៈការឈ្នះពានរង្វាន់ដ៏មាន កិត្យានុភាពមួយនៅក្នុងប្រភេទ «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» ​ក្នុងកម្មវិធី​ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ​២០២២ ដែល​ជាកម្មវិធី ICT ថ្នាក់​​ជាតិ​ធំបំផុត​។

នៅ​ក្នុងកម្មវិធី​​​ពានរង្វាន់ ឌីជីថលកម្ពុជាឆ្នាំ​២០២២ នេះមានអ្នក​ដាក់ពាក្យ​ ចូលរួម​ប្រកួត​ប្រជែង​ចំនួន ១៧២​ស្ថាប័ន ​ដែល​មក​ពី​ក្រសួង ស្ថាប័ន អង្គការ​មិនមែន​​រដ្ឋាភិបាល​ក្នុងស្រុក ក្រុមហ៊ុនឯកជន និងសាកល​វិទ្យាល័យ​ ដែល​កម្មវិធីនេះ​ត្រូវបានរៀបចំ​ដោយ​ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការ​គាំទ្រ​ពីក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍កម្ពុជា (MPTC)។

ការប្រកួតប្រជែងដណ្តើម​ពានរង្វាន់នេះមាន ៥ ប្រភេទ និង​ផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៤ គឺ៖ (១) ការច្នៃប្រឌិតបច្ចេកវិទ្យា (២) ការដោះស្រាយបញ្ហា (៣) ប្រសិទ្ធភាពនៃ​ប្រតិបត្តិការ និង (៤) យុទ្ធសាស្រ្តទីផ្សារ។ ការច្នៃប្រឌិតគឺជាលទ្ធផលនៃ ចក្ខុវិស័យ​ថ្មី​ដែល​បន្ថែមគំនិតថ្មីៗ។

សម្រាប់វគ្គកាត់​សេចក្តី​ចុងក្រោយ ​ដែលធ្វើឡើងនៅថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២ នៅអគារ Royal Train Square មានតែ​ស្ថាប័នចំនួន​២០ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស ហើយជម្រុះមកនៅត្រឹម១០ស្ថាប័ន​ ក្នុងការ​ទទួលពាន​រង្វាន់។ ក្នុងវគ្គជម្រុះចុងក្រោយនេះ ក្រុមហ៊ុន Ezecom បានឈ្នះពាន «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» សម្រាប់ភាពច្នៃប្រឌិតខ្ពស់ ក្នុងការពានាំនូវបច្ចេកវិទ្យាថ្មីៗ គម្រោងអាជីវកម្ម និងការបង្កើតកម្មវិធី (អ៊ែប) របស់ក្រុមហ៊ុនដែលផ្តល់ជូន វិធីប្រើប្រាស់ងាយៗមួយ សម្រាប់អតិថិជន ដើម្បីគ្រប់គ្រង ផលិតផល និង សេវាកម្ម ទាំងអស់ ដែល ទាក់ទងនឹង ក្រុមហ៊ុន Ezecom ភ្លាមៗ គ្រប់ទីកន្លែង និង គ្រប់ ពេលវេលា’។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ត្រីរបស់​ក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គ្រឹះស្ថានសិក្សា ធុរជន អ្នក​បច្ចេកវិទ្យា និងភ្ញៀវកិត្តិយសមក​ពីវិស័យ សាធារណៈនិងឯកជន បានចូលរួមអបអរសាទរដល់​ក្រុមហ៊ុន Ezecom និងស្ថាប័នផ្សេងទៀតដែល បានឈ្នះពានរង្វាន់ក្នុងកម្មវិធីនេះ។​

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom ​បានឡើង​​ទទួល​ពានរង្វាន់​នេះ និង​មានប្រសាសន៍​ថា៖ «យើង​មានកិត្តិយសយ៉ាងខ្លាំង​ដែលការ​ យកចិត្តទុកដាក់របស់យើងចំពោះ អនាគតឌីជីថល​កម្ពុជាត្រូវបាន​ទទួលស្គាល់​តាម​រយៈ​​ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ក្រុមហ៊ុន Ezecom មាន​ការប្តេជ្ញាចិត្តក្នុងការជំរុញ ការអភិវឌ្ឍន៍វិស័យឌីជីថល របស់ប្រទេសកម្ពុជា​តាម​រយៈ ​ការ​ផ្តល់​ជូន​​សូហ្វវែរ និង​ហាដវែរ​ថ្មីបំផុត​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក។ យើងមាន​ទំនុកចិត្ត​ថា តាម​​រយៈ​​វិធីសាស្រ្តនេះ ​យើង​កំពុងផ្តួចផ្តើមគំនិតដើម្បីធ្វើឱ្យប្រាកដថា ប្រទេសកម្ពុជា​សម្រេចបាន​គោលដៅរបស់ខ្លួនក្នុងការក្លាយជា ប្រទេសដែលប្រើប្រាស់បច្ចេកវិទ្យា កាន់តែខ្លាំងឡើង»។

កម្មវិធី EZECOM App គឺជាកម្មវិធី ដែលរចនាឡើងដើម្បីបំពេញតម្រូវការ របស់អតិថិជនរបស់យើងដោយ អតិថិជនអាចបញ្ជាក្រោមចង្អុលដៃរបស់ខ្លូន។ កម្មវិធីនេះអនុញ្ញាតឱ្យអតិថិជន ប្រើប្រាស់ផលិតផលនិងសេវាកម្ម Ezecom ទាំងអស់យ៉ាងពេញលេញ។

លក្ខណៈពិសេសរបស់ Ezecom App រួមមានភាពងាយស្រួល ក្នុងស្វែងរកទីតាំងសេវា គ្របដណ្តប់របស់អ៊ិនធឺណិត Ezecom, ការធ្វើបច្ចុប្បន្នភាពគណនី និងវិក័យប័ត្រ ការពារទិន្នន័យនិងព័ត៌មាន វិក្ក័យបត្ររបស់អតិថិជនទាំងអស់ ដោយរក្សាទុកនៅក្រោម លេខសម្គាល់របស់ (CID) របស់អតិថិនីមួយៗ និងភ្ជាប់ជាមួយលេខទូរស័ព្ទចល័តរបស់ពួកគេ ។

ក្នុងរយៈពេលពីរខែកន្លងមកនេះ ក្រុមហ៊ុន Ezecom ក៏បាន​ឈ្នះពាន​រង្វាន់​សំខាន់ ​មួយ​ផ្សេង​ទៀត​ផងដែរ​គឺ​ពានរង្វាន់ ASAN Business Award (ABA) ដ៏មានកិត្យានុភាព​ក្នុងប្រភេទ «ការអភិវឌ្ឍន៍ជំនាញក្នុងបច្ចេកវិទ្យា និងទូរគមនាគមន៍» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នៅរាជធានីភ្នំពេញនាពេលថ្មីៗនេះ ៕

To Top