ព័ត៌មានជាតិ

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បញ្ចប់ការចរចាជុំទី២ នៃកិច្ចព្រមព្រៀង​ ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ

ភ្នំពេញ ៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្ម សម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា អាល់កេត (Juma Al Kait) អនុរដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម្ម អន្តរជាតិ និងជាប្រធានក្រុមចរចា ពាណិជ្ជកម្ម សម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិង ពិភាក្សា លើលទ្ធផលនៃការចរចា និងប្រកាសបិទបញ្ចប់ជាផ្លូវការ នៃការចរចាជុំទី២ នៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ។

ក្នុងកិច្ចប្រជុំពេញអង្គនេះ ប្រធានក្រុមចរចា របស់ភាគីទាំងពីរបានធ្វើការ វាយតម្លៃខ្ពស់លើវឌ្ឍនភាព និងដំណើរការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និង មានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានផ្លែផ្កាគួរជាទីសោមនស្សរីករាយ ដោយឈរលើមាគ៌ា ផលប្រយោជន៍រួមនិង បំពេញឲ្យគ្នាទៅវិញទៅមក រួមទាំងអនុលោម តាមបញ្ញត្តិពាណិជ្ជកម្ម អន្តរជាតិ ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង CAM-UAE CEPA នឹងចូលរួម លើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញការតភ្ជាប់ពីតំបន់ ទៅតំបន់ជាពិសេស គឺរវាងអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា ឱ្យកាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរបានចរចា និងដោះស្រាយរាល់ចំណុច ដែលមិនទាន់មានការ ឯកភាពគ្នាទាំងស្រុង ដើម្បីឱ្យកិច្ចព្រមព្រៀង CAM-UAE CEPA មានលក្ខណៈស៊ីជម្រៅ តែគិតគូរទៅមុខវែងឆ្ងាយ និងមានភាព បត់បែនឆ្ពោះទៅរកជំហររួម និងអត្ថប្រយោជន៍រួម ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានបន្ត ធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិ លើគ្រប់វិស័យជាសារវ័ន្ត ដូចជា៖ ពាណិជ្ជកម្មនិងវិនិយោគ សេវាកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ កសិកម្ម ពាណិជ្ជកម្មឌីជីថល អប់រំ ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា ជាដើម ដែលសុទ្ធសឹងជាធាតុសំខាន់ៗបម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ។

ជាកិច្ចបញ្ចប់ ប្រធានក្រុមការងារ ចរចាទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមដែលជាលទ្ធផលនៃការចរចាជុំទី ២នេះ និង បានឯកភាពគ្នា ជាគោលការណ៍ក្នុងការពិនិត្យលទ្ធភាពរៀបចំការចរចាជុំទី៣ ដែលអាមីរ៉ាតអារ៉ាប់រួម នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នាពេលវេលាសមស្រប ក្នុងឆ្នាំ២០២៣ ខាងមុខ ៕

To Top