នយោបាយ

ប្រធានាធិបតីហុងគ្រី ប្រកាសជួយការពារ​ មិនឲ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជា

ភ្នំពេញ៖ លោក​លោក​ យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ដែលជាប្រទេសមួយនៃ​ សមាជិកសហភាពអឺរ៉ុបដែរនោះ បន្តប្រកាសប្រឹងប្រែង ជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា នៅលើទីផ្សារអឺរ៉ុប មិនឱ្យមានការដក ដូចការព្រមានរបស់គណៈកម្មការអឺរ៉ុបនោះឡើយ។ នេះបេីយោង​តាម ​AKP។

ការប្រកាសបង្ហាញជំហរជួយការពារ EBA សម្រាប់កម្ពុជា បានធ្វើឡើងក្នុងពេលលោក យ៉ាណូស អាឌ័រ ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ។

លោក​ យ៉ាណូស អាឌ័រ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់ ប្រទេសកម្ពុជានាពេលនេះ លោកបានបង្ហាញការស្ញប់ស្ញែង ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា។

លោកបានមើលឃើញថា ភាពរីកចម្រើនរបស់កម្ពុជា គឺមានការចូលរួមចំណែក ដ៏សំខាន់ពីទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ ទំនិញនៅលើទីផ្សារអឺរ៉ុប។

លោក​អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោក​ប្រធានាធិបតីបានប្រកាសមិនគាំទ្រឡើយចំពោះគម្រោងដក EBA ពីកម្ពុជា។

លោក​ប្រធានាធិបតីហុងគ្រី ដែលធ្លាប់បានបម្រើការងារជាសមាជិកសភាអឺរ៉ុបដែរនោះបានអះអាងថា ក្នុងនាមជាប្រទេសសមាជិកសហភាពអឺរ៉ុប លោក​នឹងប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានៅលើទីផ្សារអឺរ៉ុប។

លោក​ អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់លោកប្រធានាធិបតីហុងគ្រី ដែលបានផ្តល់យុត្តិធម៌សម្រាប់កម្ពុជា និងជួយការពារកម្ពុជា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ។

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសដោយចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះ ជារឿងភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបាន។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕

To Top