ព័ត៌មានជាតិ

កម្ពុជា ប្រារព្ធពិធី គម្រប់ខួប៣០ឆ្នាំ នៃការការពារ សិទ្ធិកុមារ ដោយធ្វើយុទ្ធនាការ ផ្តល់សិទ្ធិទាំងអស់ ដល់កុមារ គ្រប់រូប

បាត់ដំបង៖ ដើម្បីបន្តការប្រារព្ធពិធី ខួបលើកទី៣០ នៃ អនុសញ្ញា ស្ដីពីសិទ្ធិកុមាររបស់អង្គការ សហប្រជាជាតិ ហៅកាត់ថា CRC ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ បានមកជួបជុំគ្នាម្តងទៀត នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយ នៅសាលាបឋមសិក្សាពីរធ្នូ ក្នុងខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។

ការប្រារព្ធពិធីនេះ គឺជាការចាប់ផ្តើម ថ្មីម្ដងទៀត នៃយុទ្ធនាការ ផ្តល់សិទ្ធិ ទាំងអស់ដល់កុមារគ្រប់រូប ដោយមានការចូលរួមពីសហភាពអឺរ៉ុប ទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការយូនីសេហ្វ អង្គការ Save the Children និងបណ្ដាញ Child Rights Now Network។

យុទ្ធនាការនេះ មានគោលបំណង ពន្លឿនវឌ្ឍនភាពក្នុងការ អនុវត្ត អនុសញ្ញាស្ដីពីសិទ្ធិកុមារ និងជម្រុញឱ្យមានការ អនុវត្តសកម្មភាព ជាក់ស្ដែង សម្រាប់កុមារកម្ពុជា។

អនុសញ្ញាស្ដីពីសិទ្ធិកុមារ គឺជាក្របខ័ណ្ឌច្បាប់អន្តរជាតិមួយ ដែលបាននិងកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការលើកស្ទួយជីវិតកុមារ នៅទូទាំងពិភពលោក។ អនុសញ្ញាស្ដីពីសិទ្ធិកុមារគឺជាសន្ធិសញ្ញា សិទ្ធិមនុស្សដែលទទួលបាន សច្ចាប័នច្រើនជាងគេបំផុត នៅទូទាំងពិភពលោក ហើយរួមបញ្ចូលទាំងសិទ្ធិ សង្គម វប្បធម៌ និងសេដ្ឋកិច្ច ក៏ដូចជាសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយផងដែរ។

អនុសញ្ញានេះកំណត់ និយមន័យថា មនុស្សគ្រប់រូប ដែលមានអាយុក្រោម១៨ឆ្នាំ ជាម្ចាស់នៃសិទ្ធិមនុស្ស ហើយត្រូវទទួល បានកិច្ចការពារ និងការផ្តល់អំណាច យ៉ាងចាំបាច់ដើម្បីធ្វើឱ្យសិទ្ធិនេះក្លាយជាការពិត សម្រាប់កុមារគ្រប់ រូប។

ប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន លើអនុសញ្ញាស្ដីពី សិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជា បានសម្រេចនូវ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការធ្វើឱ្យ ជីវិតកុមារប្រសើរឡើង។ កុមារា និងកុមារីជាង៩៧% បានចុះឈ្មោះចូលរៀននៅបឋមសិក្សា នេះជា អត្រាមិនធ្លាប់មានពីមុនមក។ អត្រាស្លាប់របស់ទារកនិងកុមារអាយុក្រោម៥ឆ្នាំ បានថយចុះជាង៧០% ហើយលទ្ធភាពក្នុងការទទួលបាន ប្រភពទឹកស្អាត បានកើនឡើងបីដង ចាប់តាំងពីឆ្នាំ១៩៩០មក ។

ក្នុងរយៈពេលដែលអនុសញ្ញា ស្ដីពីសិទ្ធិកុមារ មានអាយុកាលជាង៣០ឆ្នាំកន្លងមកនេះ សហភាពអឺរ៉ុប និងដៃគូរបស់ខ្លួននៅក្នុងវិស័យនេះ មានដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ (USAID) អង្គការ Save the Children និងអង្គការយូនីសេហ្វ បានគាំទ្រយ៉ាងខ្លាំងដល់ ប្រទេសកម្ពុជា ក្នុងការលើកស្ទួយសិទ្ធិកុមារ និងសុខុមាលភាពរបស់កុមារ។ ប៉ុន្តែនៅមានកិច្ចការជា ច្រើនទៀតដែលត្រូវធ្វើ ពីព្រោះថា បើផ្អែកលើរបាយការណ៍ ជាសកលស្ដីពីកុមារភាពរបស់អង្គការ Save the Children ឆ្នាំ២០១៩ ប្រទេសកម្ពុជានៅតែស្ថិតក្នុងលំដាប់ទី១២០ នៃចំណាត់ថ្នាក់ក្នុងចំណោម ១៧៦ប្រទេស។ មិនមែនកុមារគ្រប់រូប សុទ្ធតែទទួលបានភាពរីករាយ រហូតក្នុងវ័យកុមារភាព នោះទេ ហើយភាពសប្បាយរីករាយ របស់ពួកគេភាគច្រើន គឺមានរយៈពេលខ្លី។

កុមារមិនទទួលបានការអប់រំសម ស្របទៅតាមស្ដង់ដាដែល ពួកគេគួរទទួលបាននោះទេ ហើយបញ្ហានៃការការពារក៏ នៅមានលក្ខណៈ ទូទៅដែរ ដោយកុមារម្នាក់ក្នុងចំណោមបួននាក់បានរាយការណ៍ថាពួកគេបានទទួលរងនូវអំពើហឹង្សា មួយចំនួន។

ព្រឹត្តិការណ៍នេះបង្ហាញពី ការខិតខំប្រឹងប្រែង របស់សហភាពអឺរ៉ុប ក្នុងការរក្សាកុមារ ទាំងអស់ឱ្យមានសុវត្ថិភាព ផ្ដល់ការចិញ្ចឹម បីបាច់ និងការអប់រំ ហើយផ្ដល់នូវឱកាសពិសេស ដើម្បីធ្វើឱ្យសិទ្ធិកុមារ ក្លាយជាអាទិភាព ចម្បង បំផុតនៃ ផែនការជាតិ និងផែនការអភិវឌ្ឍន៍។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍ នេះក៏បង្ហាញផងដែរពីឆន្ទៈ របស់សហភាពអឺរ៉ុប ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ នៅតាមជនបទ ដើម្បីធ្វើអោយគោលដៅ ទាំងនេះក្លាយជាការពិត។

ព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្តើមឡើងដោយការថ្លែងសុន្ទរកថាបើកកម្មវិធី របស់លោក Franck VIAULT ជាអគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាព អឺរ៉ុបក្នុងនាមដៃគូអភិវឌ្ឍន៍ ទាំងអស់ និងសុន្ទរកថារបស់លោកជំទាវ ផាវ៉ាន់ សាកឿត ជាអនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ស្ត្រី និងកុមារខេត្តបាត់ដំបង និងជាសមាជិការក្រុមប្រឹក្សាខេត្ត។ ក្នុងនោះក៏មានការចូលរួមពីអ្នក តំណាងមកពីទីភ្នាក់ងារ USAID និងអង្គការ Save the Children ផងដែរ ។

លោក Franck VIAULT មានប្រសាសន៍ថា៖ “យើងរីករាយណាស់ដែលបានប្រារព្ធខួបទី៣០ ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមារជាមួយអ្នកទាំងអស់គ្នានៅខេត្តបាត់ដំបង។ អនុសញ្ញានេះ គឺធានាឱ្យមាន ការអនុវត្តន៍កាន់តែប្រសើរឡើងនូវសិទ្ធិកុមារនៅទូទាំងពិភពលោក។ វាបានជម្រុញឱ្យសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួនផ្លាស់ប្តូរច្បាប់គោលនយោបាយ និងការអនុវត្តដែលមានគោលបំណងការពារ និងលើកកម្ពស់សិទ្ធិរបស់កុមារ។ អនុសញ្ញាស្តីពីសិទ្ធិកុមារធ្វើឱ្យរដ្ឋាភិបាលប្ដេជ្ញាចិត្តផ្តល់ឱ្យកុមារគ្រប់រូបនូវកម្រិតជីវភាពប្រសើរឡើង ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍទាំងសរីរាង្គរាងកាយ ផ្លូវចិត្ត ស្មារតី ការអភិវឌ្ឍសីលធម៌ និងសង្គម រួមទាំងការទទួលបានការអប់រំផងដែរ។ ដៃគូអភិវឌ្ឍន៍ទាំងអស់មានសេចក្ដីសោមនស្សរីករាយក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោលដៅទាំងនេះ។ ដូច្នេះ សូមយកចិត្តទុកដាក់ទាំងអស់គ្នាទៅលើសកម្មភាពនៅពេល ខាងមុខ ដែលយើងនឹងត្រូវធ្វើដើម្បីបន្ដអនុវត្តសិទ្ធិកុមារឱ្យទទួលបានផ្លែផ្កាថែមទៀត។ សូមគាំទ្រពួកគេ និងចូលរួមប្រឡូកការងារជាមួយពួកគេ។”

លោក Cristian Munduate តំណាងឱ្យអង្គការយូនីសេហ្វប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖ “៣០ឆ្នាំមុននេះ ប្រជាជាតិនានាទូទាំងពិភពលោកបានធ្វើការសន្យាមួយដល់កុមារទាំងឡាយនៅក្នុង ពិភពលោកជាការសន្យាដែលមិនធ្លាប់មានពីមុនមកឡើយ។ ពួកគេបានសន្យាថានឹងផ្ដល់នូវ ពិភពលោកមួយដែលកុមារទាំងអស់មានសិទ្ធិដូចមនុស្សពេញវ័យដែរ ដូចជាការទទួលបាននូវ សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ ទឹកស្អាត អនាម័យ និងការការពារជាដើម នោះគឺពិភពលោក មួយដែលសំលេងរបស់កុមារមានសារៈសំខាន់ និងជាពិភពមួយដែលកុមារត្រូវបានគេយកចិត្តទុកដាក់ ប្រកបដោយសេចក្តីថ្លៃថ្នូរ។ វាពិតជាសំខាន់ណាស់ដែលមនុស្សគ្រប់គ្នា ជាពិសេសកុមារត្រូវយល់ដឹង អំពីសិទ្ធិទាំងនេះ។ នៅពេលដែលយើងដឹងច្បាស់ពីសិទ្ធិរបស់យើង យើងអាចដើរតួនាទីយ៉ាងសកម្ម ក្នុងការអនុវត្ត និងអាចធ្វើឱ្យសិទ្ធទាំងនោះក្លាយទៅជាការពិតបាន។ អង្គការយូនីសេហ្វពិតជាមាន មោទនភាពក្នុងការធ្វើជាដៃគូជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប ទីភ្នាក់ងារ USAID អង្គការ Save the Children និងដៃគូដទៃទៀតដើម្បីធ្វើឱ្យប្រាកដថាកុមារគ្រប់រូបយល់ដឹងច្បាស់ពីសិទ្ធិទាំងអស់ នេះ!”

លោកស្រី Elizabeth Pearce នាយកប្រចាំប្រទេសនៃអង្គការ Save the Children បានមានប្រសាសន៍ថា៖ “អនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិមិនត្រឹមតែទទួលស្គាល់ ថាកុមារមានសិទិ្ធជាមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានសិទ្ធិពិសេសបន្ថែមទៀតផងដែរ ដោយសារ តែភាពរងគ្រោះដែលកុមារបានជួបប្រទះមានការកើនឡើង ទៅតាមអាយុរបស់ពួកគេ។ អនុសញ្ញាស្ដីពី សិទ្ធិកុមាររបស់អង្គការសហប្រជាជាតិទទួលស្គាល់ថា កុមារគឺមិនមែនជា “ទ្រព្យសម្បត្តិរបស់មនុស្ស ពេញវ័យ” ទេ ប៉ុន្តែពួកគេមានសមត្ថភាពក្នុងការបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន ហើយអនុសញ្ញានេះ ក៏កំណត់នូវបទដ្ឋាន និងគោលការណ៍ជាអប្បបរមាដែលសង្គមនីមួយៗគួរតែប្រព្រឹត្តចំពោះកុមារ គ្រប់រូប។ អង្គការ Save the Children កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងដៃគូ ផ្សេងទៀតដើម្បីគាំទ្រដល់កុមារឱ្យទទួលបាន សិទ្ធិរស់រានមានជីវិត ការការពារ ការអភិវឌ្ឍ និងការចូលរួម។”

កុមារជាង៣០០នាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏បានឮពីសមាជិកសហគមន៍របស់ ពួកគេដូចជានាយកសាលាបឋមសិក្សាពីរធ្នូ និងតំណាងកុមារពីរនាក់គឺ កុមារា ទោម រតនវង្ស & កុមារី ចាន់ ភីនុ ដែលបានចែករំលែករឿងរ៉ាវ និងបង្ហាញថា តើសិទ្ធិកុមារមានអត្ថន័យយ៉ាងណាចំពោះពួកគេ។ ព្រឹត្តិការណ៍ដែលមានឈ្មោះថា #ផ្តល់សិទ្ធិទាំងអស់ដល់កុមារគ្រប់រូប គឺពោរពេញទៅដោយសកម្មភាព ដែលបាននាំមកនូវភាពសប្បាយរីករាយសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។

កម្មវិធីនេះបាន ចាប់ផ្តើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ក្នុងពេលនោះ អ្នកចូលរួមបានសប្បាយរីករាយ និងការសម្តែងរបាំ របស់អង្គការហ្វារពន្លឺសិល្បៈ ការសម្ដែងសៀករហស្សកម្ម និងក្រុមរបាំ Tiny Toones។ កុមារគឺជាតួអង្គសំខាន់បំផុតនៃព្រឹត្តិការណ៍នេះ ហើយពួកគេមានភាពរីករាយក្នុងការចូលរួម បង្ហាញនូវសិល្បៈ និងសិប្បកម្ម ការចូលរួមលេងកំសាន្តជាមួយក្រុមរបាំប្រពៃណី និងការរាំហ៊ីបហប ការរៀបចំតុបតែងប៉េងប៉ោង និងមើលការសម្តែងសៀក ទន្ទឹមនឹងនោះពួកគេក៏អាចលេងកម្សាន្ត សប្បាយជាមួយមិត្តភក្តិរបស់ពួកគេ និងការចូលរួមការពិភាក្សាផ្សេងៗទៀតផង៕

To Top