ព័ត៌មានជាតិ

ក្រុមហ៊ុនចំនួន ៨ បោះទុនវិនិយោគជិត ៤០លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជាគម្រោងវិនិយោគ ដល់ក្រុមហ៊ុនចំនួន ៨បន្ថែមទៀត ដើម្បីបង្កើតរោងចក្រ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានទុនចំនួន ៣៨,២លានដុល្លារអាមេរិក ហើយជាពិសេសអាចបង្កើតការងារជាង ៧ពាន់កន្លែង ។

យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្មីៗនេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

២- “CHUANGJU PLASTICS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួនប្រមាណ ៣០០នាក់។

៣- “TB PACKAGING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រ ផលិតផលិតផលធ្វើពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០នាក់។

៤- “VP PRINTING AND PACKAGING CO., LTD.” គម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស រ៉ូលយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៦០នាក់។

៥-“PHOENIX FASHION (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៣៥៨កន្លែង។

៦-“AW CASHMERE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១១៧កន្លែង។

៧-“SUPERCAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦៤កន្លែង។

៨-“XN FU INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៤១កន្លែង ៕

To Top