ព័ត៌មានអន្តរជាតិ

WHO ព្រមាន​ប្រឆាំង​ នឹង​ប្រើប្រាស់ទឹក​ស៊ីរ៉ូ​ក្អក​កុមារ ដែល​មាន​មេរោគ ​ក្រោយ​មានការ ​ស្លាប់​រាប់រយ​នាក់

ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានចេញការ អំពាវនាវជាបន្ទាន់មួយ សម្រាប់ប្រទេសនានា ក្នុងការបង្ក្រាបផលិតផល វេជ្ជសាស្រ្ត ដែលមិនមានស្តង់ដារ បន្ទាប់ពីកុមារជាង ៣០០ នាក់បានស្លាប់ នៅក្នុងប្រទេសជាច្រើន ដោយសារតែស៊ីរ៉ូក្អក ដែលមានមេរោគ។

ក្នុងរយៈពេល ៤ខែកន្លងមកនេះ WHO បានឲ្យដឹងថា ឧប្បត្តិហេតុជាច្រើនត្រូវបានគេរាយការណ៍ អំពីថ្នាំក្អកគ្មានវេជ្ជបញ្ជា សម្រាប់កុមារ ដែលមានផ្ទុកនូវកម្រិតខ្ពស់នៃ diethylene glycol (DEG) និង ethylene glycol (EG) ។

ទាំងនេះគឺជាសារធាតុគីមីពុល ដែលប្រើជាសារធាតុរំលាយ ឧស្សាហកម្ម និងភ្នាក់ងារប្រឆាំងនឹងការកក ដែលអាចបណ្តាល ឱ្យស្លាប់សូម្បីតែក្នុងបរិមាណតិចតួច ហើយមិនគួរត្រូវបាន រកឃើញនៅក្នុងថ្នាំពេទ្យឡើយ។

ករណី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ ​នៅ​ក្នុង​ប្រទេស​យ៉ាង​ហោច​ណាស់​៧ ហើយ​អ្នក​ស្លាប់​បាន​កើត​ឡើង ​ក្នុង​ប្រទេស​ហ្គាំប៊ី ឥណ្ឌូនេស៊ី និង​អ៊ូសបេគីស្ថាន។ ករណីភាគច្រើនជាកុមារតូចៗ ក្រោមអាយុ ៥ឆ្នាំ។

អង្គការ សុខភាពពិភពលោក បានចេញការជូនដំណឹង អំពីផលិតផល វេជ្ជសាស្ត្រជាសាកលចំនួន ៣ដងរួចមកហើយទាក់ទងនឹង ឧប្បត្តិហេតុទាំងនេះ ចាប់តាំង ពីខែតុលាឆ្នាំមុន ហើយបានកំណត់ក្រុមហ៊ុន ឱសថចំនួន៦ នៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី ដែលផលិតស៊ីរ៉ូ។

WHO បានឲ្យដឹងទៀតថា “ទាំងនេះមិនមែនជាឧប្បត្តិហេតុដាច់ ដោយឡែកនោះទេ” ដោយអំពាវនាវឱ្យភាគី ពាក់ព័ន្ធសំខាន់ៗ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ វេជ្ជសាស្ត្រចាត់វិធានការភ្លាមៗ និងសម្របសម្រួល ។

WHO បានបន្ថែមថា ប្រទេសនានា គួរតែរកឃើញ និងលុបថ្នាំដែលមានមេរោគចេញពីចរាចរ ហើយបង្កើនការឃ្លាំមើល និងការឧស្សាហ៍ព្យាយាម នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top