ព័ត៌មានអន្តរជាតិ

អ្នកជំនាញច្បាប់របស់ថៃ តិះដៀលលោក ថាក់ស៊ីនថា នឹងជាប់គុក ប្រសិនបើមកដល់ថៃ

បរទេស៖ អតីតសមាជិកសភាគណបក្សប្រជាធិបតេយ្យ និងអ្នកជំនាញផ្នែកច្បាប់នៅថ្ងៃព្រហស្បតិ៍នេះ បានត្មិះតិះដៀលអតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលរត់គេចខ្លួន ដោយប្រកាសថា លោកអាចហោះហើរទៅគ្រប់ទីកន្លែងក្នុងពិភពលោកបាន ប៉ុន្តែនឹងជាប់គុកប្រសិនបើលោកត្រឡប់មកប្រទេសថៃវិញ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Nipit Intarasombat សមាជិកសភាប្រាំបីសម័យនៅខេត្ត Phathalung បាននិយាយថា “លោក ថាក់ស៊ីន នៅតែជាអ្នកមានដែលអាចហោះហើរបានគ្រប់ទីកន្លែងក្នុងពិភពលោក លើកលែងតែប្រទេសថៃ”។

លោក Nipit អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ក្នុង​ការ​បង្ហោះ​តាម Facebookថា “គាត់​មិន​អាច​មក​ដល់​ទី​នេះ​បាន​ទេ។ អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​គឺ​មើល​ងាយ​មាតុភូមិ​របស់​គាត់​នៅ​ពេល​ដែល​គាត់បាននៅលើយន្តហោះ​» ។

លោក Nipit បាន​ឆ្លើយតប​នឹង​ការ​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ថាក់ស៊ីន​កាលពី​យប់​ថ្ងៃ​អង្គារ​ថា​ លោក​នឹង​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ក្នុង​ឆ្នាំ​នេះ។

លោក Nipit បាននិយាយថា ចំណេះដឹងផ្នែកច្បាប់របស់លោក មិនបានផ្តល់ដំណោះស្រាយអំពីរបៀបដែលលោក ថាក់ស៊ីន អាចត្រឡប់ទៅប្រទេសថៃដោយមិនចាំបាច់ជាប់ពន្ធនាគារសម្រាប់ករណីពុករលួយច្រើននោះទេ។ អតីត​នាយក​រដ្ឋមន្ត្រី​រូបនេះ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប​១០​ឆ្នាំ។

លោក Nipit បាននិយាយទៀតថា លោកមិនអាចយល់បានថា តើគណបក្សភឿថៃ ដែលត្រូវបានគេស្គាល់ថា ស្ថិតនៅក្រោមការបញ្ជារបស់លោកថាក់ស៊ីន អាចផ្តល់ដំណោះស្រាយ ដោយគ្មានការជាប់ពន្ធនាគារសម្រាប់លោក ថាក់ស៊ីន យ៉ាងដូចម្តេច បើទោះបីជាខ្លួនទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាងមុខក៏ដោយ៕ប្រែសម្រួលៈ ណៃ តុលា

To Top