ភ្នំពេញ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឱ្យដឹងថា ឆ្នាំ២០២២ សមត្ថកិច្ច រកឃើញយានយន្ដល្មើស និងពិន័យចំនួន ១៤២.៨១៧ គ្រឿង ក្នុងនោះ ទទួលបានទឹកប្រាក់ចំនួន ១២.៤៥៤.៥១៥.០០០រៀល។
ក្នុងពិធីបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកស្រី មឹន មាណវី បានថ្លែងថា ប្រតិបត្តិការត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាម ប្រចាំឆ្នាំ២០២២ ទទួលបានលទ្ធផលដូចជា៖ បានត្រួតពិនិត្យយានយន្ត សរុបចំនួន ១.១២១.១៣៦គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៧៤%, បានរកឃើញយានយន្ដល្មើស និងពិន័យចំនួន ១៤២.៨១៧ គ្រឿង (១៤៣.០៥១ ករណី)។
លោកស្រី បានបញ្ជាក់ថា «ការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២២ បានទឹកប្រាក់ចំនួន ១២.៤៥៤.៥១៥.០០០រៀល (ដប់ពីរពាន់បួនរយហាសិបបួនលាន ប្រាំរយដប់ប្រាំពាន់រៀលគត់)»។
ជាមួយគ្នានេះដែរ លោកស្រី អគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានលើកឡើងថា ដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយឧបករណ៍បច្ចេកទេស គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុប ៨.៥១៣នាក់ (ស្រី ៤៨៩នាក់) ក្នុងនោះ រថយន្តធុនស្រាលចំនួន ៧.៤៧៧គ្រឿង ល្មើស ៧.៥៧៩ករណី ដកពិន្ទុ១០.១៦២ពិន្ទុ។ដោយឡែក រថយន្តធុនធ្ងន់ចំនួន១.០៣៦គ្រឿង ល្មើស១.១៤៦ករណី ដកពិន្ទុ៦៦៥ពិន្ទុ។ ខណៈការត្រួតពិនិត្យអ្នកជិះម៉ូតូល្មើសសរុប ១១៥,៨០១គ្រឿង (១១៥៨០១ករណី) ក្នុងនោះមិនពាក់ មួកសុវត្ថិភាព បានធ្វើការឃាត់បង្ខំឱ្យរកមួកមកពាក់ និងពិន័យចំនួន ៩៤% នៃចំនួនករណីល្មើសសរុបរបស់អ្នកជិះម៉ូតូ៕