ភ្នំពេញ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ កើតឡើងចំនួន ២,៩៧៦លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ១.៧០៩នាក់ ព្រមទាំងបញ្ជូនជនល្មើស ទៅតុលាការចំនួន ៣១៦នាក់។
ក្នុងពិធីបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកស្រី មឹន មាណវី បានថ្លែងថា «គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បានកើតឡើងចំនួន ២,៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១.៧០៩នាក់ និងរបួសចំនួន ៤.០២៦នាក់ (របួសធ្ងន់ ២,៥៧៩នាក់)»។
លោកស្រី បន្ដថា អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៧២នាក់ ខេត្តកណ្តាលចំនួន ១៥៧នាក់ និងខេត្តកំពង់ចាមចំនួន ១៣១នាក់។ មូលហេតុបណ្តាលឱ្យ មានគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់៣៩% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១០% បត់៩% ស្រវឹង៤% កត្តាយានយន្ត៣% និងងងុយ១%។
លោកស្រី អគ្គលេខាធិការដ្ឋាន បានបញ្ជាក់ថា «បញ្ចូនករណីគ្រោះថ្នាក់ចរាចរណ៍ ទៅតុលាការចំនួន ១០២៧ករណី បានដោះស្រាយចប់ចំនួន ១២១ករណី កំពុងអង្កេតចំនួន ៦៦៤ករណី បញ្ជូនជនល្មើសទៅតុលាការ ចំនួន ៣១៦នាក់»៕