ភ្នំពេញ៖ ចេញពីទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ជាមួយនឹងការប្តេជ្ញាចិត្តរក្សា “មជ្ឈភាពនិងឯកភាពអាស៊ាន» នៅក្នុងដំណោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ប្រមុខការទូតអាស៊ាន ក៏បានទទួលស្គាល់ពីភាពស្មុគស្មាញ និងការលំបាកនៃវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលត្រូវការពេលវេលា ដើម្បីឈានទៅរក ដំណោះស្រាយនយោបាយយូរអង្វែង ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋមន្ត្រីបានពិភាក្សាលើការងារតាមដាន អំពីការវាយតម្លៃនិងសេចក្ដីសម្រេចចិត្ត របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆ័ន្ទ ប្រាំចំណុច (SPC) និងបានទទួលស្គាល់ពីភាពស្មុគ្រស្មាញ និងការលំបាកនៃវិបត្តិ នយោបាយនៅមីយ៉ាន់ម៉ា ហើយបានទទួលស្គាល់ គឺត្រូវការពេលវេលាដើម្បីឈានទៅរក ដំណោះស្រាយនយោបាយយូរអង្វែង។ ខណៈពេលដែលការបញ្ឈប់អំពើហឹង្សា និងការសន្ទនា ប្រកបដោយបរិយាប័ន្ន គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាពយូរអង្វែង ការកសាងទំនុក ចិត្តក្នុងចំណោម ភាគីពាក់ព័ន្ធជាបន្ទាន់ជាកត្តាចាំបាច់។
អង្គប្រជុំបានឯកភាពថា ការចូលរួមជាមួយ ភាគីពាក់ព័ន្ធទាំងអស់គួរតែត្រូវជំរុញឲ្យខ្លាំងបន្ថែមទៀត ក្នុងឥរិយាបថ បរិយាប័ន្ននិងប្រកបដោយ ភាពបត់បែន ព្រមទាំងឲ្យស្របតាមធម្មនុញ្ញអាស៊ាន។
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបញ្ជាក់អំពី «ការប្តេជ្ញាចិត្តរក្សា “មជ្ឈភាពនិងឯកភាពអាស៊ាន» នៅក្នុងដំណោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ក្នុងគ្រប់កាលៈទេសៈទាំងអស់ ហើយក៏បាន សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកស្រី កើតណូ ម៉ារស៊ូ និងការិយាល័យប្រេសិត ពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាផងដែរ។ អង្គប្រជុំបានស្វាគមន៍នូវសេចក្តីព្រាងផែនការ អនុវត្ត 5FC ដែលជាឯកសាររស់អាចធ្វើបច្ចុប្បន្នភាពបាន អាស្រ័យតាមវឌ្ឍនភាព និងស្ថានការណ៍ នៅមីយ៉ាន់ម៉ា»។
កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និង បញ្ហាអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម រួមទាំងស្ថានភាពនៅមីយ៉ាន់ម៉ា – បញ្ហាឧបទ្វីបកូរ៉ សង្គ្រាមនៅអ៊ុយក្រែន និងសមុទ្រចិនខាងត្បូង ជាដើម។
រដ្ឋមន្ត្រីការបរទេស បានគូសបញ្ជាក់ពីតម្រូវ ការក្នុងការពង្រឹង និងលើកកម្ពស់ពហុភាគីនិយម ការសន្ទនាក្នុងន័យស្ថាបនា និងកិច្ចសហប្រតិបត្តិ ការឈ្នះ-ឈ្នះ ដើម្បីជម្នះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន។ លើសពីនេះ កិច្ចប្រជុំក៏បានសង្កត់ ធ្ងន់ថា គំនិតផ្តួចផ្តើមរបស់ដៃគូនានាត្រូវតែស្របតាមធម្មនុញ្ញអាស៊ាន និង AOIP ហើយរួមចំណែក ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់៕