ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្ឃឹមយ៉ាងមុតមាំថា សមាគមមិត្តភាពកម្ពុជា-ជប៉ុន នឹងបន្តធ្វើសកម្មភាពយ៉ាងសកម្មថែមទៀត ក្នុងការជំរុញការវិនិយោគ កាន់តែច្រើនឡើងពីជប៉ុន មកកាន់កម្ពុជា ដើម្បីវិនិយោគទៅលើវិស័យនានា ដែលជាសក្ដានុពល។
នាឱកាសអនុញ្ញាតជូនលោក Takahashi Fumiaki ប្រធានសហគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូវិនិយោគគិនជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង ចាត់ទុកការអភិវឌ្ឍ រីកចម្រើនរបស់កម្ពុជា គឺពិតជាមានការចូលរួមចំណែកគាំទ្រ ពីសំណាក់ភាគីជប៉ុន ទាំងរដ្ឋាភិបាលប្រជាជនជប៉ុន ក៏ដូចជាវិស័យឯកជន របស់ជប៉ុនផងដែរ។
សម្ដេច សង្ឃឹមយ៉ាងមុតមាំថា «សមាគមមិត្តភាពកម្ពុជា-ជប៉ុន ដែលហៅកាត់ថា (JCA) នេះ នឹងបន្តធ្វើសកម្មភាពយ៉ាងសកម្មថែមទៀត ក្នុងការជំរុញ ការវិនិយោគ កាន់តែច្រើនឡើងពីប្រទេសជប៉ុន ក៏ដូចជាវិនិយោគិនជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា ទៅលើវិស័យនានាដែលជាសក្ដានុពល ក៏ដូចជាជំរុញនិងលើកកម្ពស់ ទេសចរកាន់តែច្រើនឡើងថែមទៀតនាំមកកម្ពុជា នាពេលខាងមុខ»។
ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានលើកឡើង ពីកិច្ចការសំខាន់ពាក់ព័ន្ធទៅនឹងក្រសួងមហាផ្ទៃ គឺបន្តខិតខំធ្វើយ៉ាងណាថែរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយកិច្ចការនេះ ក៏រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងខិតខំប្ដេជ្ញាធ្វើ យ៉ាងណាឲ្យដំណើរការ នៃព្រឹត្តិការណ៍សំខាន់ៗ ទាំងនេះប្រព្រឹត្តទៅដោយជោគជ័យ។ ជាពិសេសទៀតនោះ គឺពាក់ព័ន្ធទៅនឹងការបោះឆ្នោត គឺខិតខំធ្វើយ៉ាងណាធានាបានបរិយាកាសសន្តិសុខល្អប្រសើរបម្រើដល់ការបោះឆ្នោតប្រកបដោយសេរីត្រឹមត្រូវ និងស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
លោក Takahashi Fumiaki ក៏បានផ្តល់ឱកាសដល់វិនិយោគិននីមួយៗ ធ្វើការសម្ដែងនូវចំណាប់អារម្មណ៍របស់ខ្លួនពាក់ព័ន្ធទៅនឹងបរិយាកាសវិនិយោគ នៅកម្ពុជា ក៏ដូចជា គោលបំណងទៅថ្ងៃអនាគត ក្នុងការវិនិយោគកម្ពុជា ព្រមទាំងលើកនូវសំណូមពរផ្សេងៗ ជូន សម្ដេច ស ខេង នៅក្នុងដំណើរការ នៃការជំរុញ ក៏ដូចជាពង្រឹងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាពិសេសការទាក់ទាញ ដល់សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុន ដើម្បីមកធ្វើការវិនិយោគ នៅកម្ពុជាកាន់តែច្រើនឡើង ៕