ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេស លើវិស័យវិនិយោគ និងពាណិជ្ជកម្មរវាង កម្ពុជា-អាល្លឺម៉ង់។
ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ បានឲ្យដឹងថា លោក ហ្វ្រាំង វ៉ាល់ធ័រ មើលឃើញថា ការដោះមីន គឺបានជួយដល់ជីវិតប្រជាជន, សម្អាតមីនឲ្យប្រជាជនបានវិលត្រឡប់ទៅរស់នៅ និងធ្វើការបង្កបង្កើនផល និងប្រកបរបរចិញ្ចឹមជីវិត។ ក្នុងន័យនេះ ការចូលរួមរបស់អាល្លឺម៉ង់ លើវិស័យដោះមីន គឺមានអត្ថន័យណាស់ និងត្រឹមត្រូវណាស់។
លោក ហ្វ្រាំង វ៉ាល់ធ័រ បានសម្ដែងនូវការរីករាយពេញចិត្តជាមួយកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទ រយៈពេល ២៥ឆ្នាំកន្លងមក ហើយបានជម្រាបជូនសម្ដេចតេជោថា កិច្ចសហប្រតិបត្តិការនេះ នឹងនៅបន្តទៀត ។
លោក ក៏បានកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ជំងឺកូវីដ១៩ ពីការរីករាលដាល និងបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងជាពិសេស ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ ទោះបីស្ថិតនៅក្នុងស្ថានភាពដែលពិភពលោកនៅប្រឈមនឹងជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយក៏ដោយ។
ក្នុងឱកាសនោះដែរ លោកប្រធានាធិបតី បានលើកឡើងអំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងបំណងក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីស្ថានភាពនៅកម្ពុជា ដែលត្រូវដោះមីនឲ្យអស់នៅឆ្នាំ២០២៥ និងដំណើរការជួយដោះមីននៅប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមជាមួយការជួយបង្ហាត់កងទ័ពអ៊ុយក្រែន លើបញ្ហាដោះមីន ដែលជាការងារមនុស្សធម៌ កុំឱ្យសត្រូវកំបាំងមុខនេះបង្ករបញ្ហាដល់ជនស្លូតត្រង់។
ដោយឡែកពាក់ព័ន្ធនឹងប្រាង្គប្រាសាទនៅកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា មានប្រាង្គប្រាសាទច្រើន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមោទនភាពណាស់ ប៉ុន្តែវាក៏ជាបន្ទុកមួយផងដែរ សម្រាប់ការជួសជុល និងថែរក្សា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តចំពោះការជួយរបស់សហព័ន្ធអាល្លឺម៉ង់ ក្នុងពេល ២៥ឆ្នាំកន្លងមក។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បញ្ជាក់ថា «សម្ដែងការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេស លើវិស័យវិន័យយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ»៕