ប៊ូដាប៉ែស៖ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជា “សង្គ្រាមប្រូកស៊ី” ដែលសហរដ្ឋអាមេរិក បានដាក់លើអឺរ៉ុប នេះបើតាមការលើកឡើងរបស់លោក Zoltan Kiszelly នាយកមជ្ឈមណ្ឌលវិភាគ នយោបាយនៅវិទ្យាស្ថាន Szazadveg របស់ប្រទេសហុងគ្រី បានប្រាប់ស៊ីនហួក្នុងបទសម្ភាសន៍ថ្មីៗ នេះនៅមុនថ្ងៃនៃ ខួបលើកទីមួយនៃការផ្ទុះជម្លោះ។
យោងតាមលោក Kiszelly សហរដ្ឋអាមេរិកគឺជា “អ្នកគាំទ្រដ៏សំខាន់ របស់អ៊ុយក្រែន ជាមួយនឹងអាវុធ និងប្រាក់” ដែលធ្វើឱ្យជម្លោះក្លាយជា “សង្រ្គាមប្រូកស៊ី” រវាងរុស្ស៊ី និងលោកខាងលិច ឬដើម្បីឱ្យច្បាស់លាស់ជាងនេះ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ។
លោកបានលើកឡើងថា “នៅក្នុងសង្គ្រាមប្រូកស៊ី” នៅអឺរ៉ុបនេះ សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធឱ្យអឺរ៉ុប គាំទ្រអ៊ុយក្រែន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Kiszelly បានបន្ដថា ទោះបីជាយ៉ាងណាក៏ដោយ អឺរ៉ុបខាងលិចមិនទម្លាប់ ក្នុងការចូលរួមក្នុងប្រតិបត្តិការយោធាទេ ហើយជាលទ្ធផល ការចំណាយយោធាបានថយចុះក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៃសន្តិភាព ដែលធ្វើឱ្យវាកាន់តែមានលទ្ធភាពតិចតួចក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវផ្នែករឹងយោធាចាំបាច់ ។
លោក Kiszelly បានបន្ថែមថា ផលវិបាកធ្ងន់ធ្ងរនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចជាពិភពលោកដែលបែងចែកជាពីរផ្នែក គឺផ្នែក Anglo-Saxon ជាមួយសហភាពអឺរ៉ុប និងប្រទេសអាស៊ីមួយចំនួន ដែលតំណាងឱ្យប្លុកដែលដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
ផ្នែកមួយទៀតគឺផ្នែកបូព៌ា ត្រូវបានបង្កើតឡើង ពីពីរភាគបីនៃពិភពលោកផ្សេងទៀត ឬប្រទេសផ្សេងទៀតទាំងអស់ដែលបានជ្រើសរើសដើម្បីគេចចេញពីជម្លោះ និងជៀសវាងពីការដាក់ទណ្ឌកម្ម។
លោក Kiszelly បានបន្ថែមទៀតថា “ពីរភាគបីនៃពិភពលោកមិនចូលរួមក្នុងការដាក់ទណ្ឌកម្មទេ ពីព្រោះពួកគេគិតថាវាគ្រាន់តែជាឧបករណ៍ សម្រាប់លោកខាងលិច ក្នុងការបង្កើនឥទ្ធិពលរបស់ពួកគេ” ដោយបន្ថែមថាបណ្តាប្រទេសនៅបូព៌ាចង់មានពាណិជ្ជកម្មសេរីដូចដែលប្រទេសចិន បានស្នើឡើង៕
ប្រែសម្រួល ឈូក បូរ៉ា