នយោបាយ

គណបក្ស៣ ត្រូវបានក្រសួងមហាផ្ទៃ លុបចេញនៅឆ្នាំ២០២២

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅឆ្នាំ២០២២ កន្លងទៅ មានគណបក្សនយោបាយចំនួន ត្រូវបានក្រសួង លុបចេញពីបញ្ជី។ បក្សទាំង៣នោះរួមមាន៖ គណបក្សបេះដូងជាតិ , គណបក្សអនាគតជាតិ និងគណបក្សសំឡេងសហគមន៍កម្ពុជា។

ក្នុងសន្និបាតត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ២០២២ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងថា «បច្ចុប្បន្ន គណបក្សនយោបាយ នៅកម្ពុជា មានសរុបចំនួន ៤៥គណបក្ស។ ក្រសួង បានសម្រេចលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយចំនួន៣ គណបក្ស គឺគណបក្សបេះដូងជាតិ, គណបក្សអនាគតជាតិ និងគណបក្សសំឡេងសហគមន៍កម្ពុជា»។

ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ លើកឡើងថា ក្នុងចំណោមបុគ្គលទាំង១១៨រូប ដែលត្រូវបានហាមឃាត់ ធ្វើសកម្មភាពនយោបាយ ដោយអំណាចសាលដីកា របស់តុលាការកំពូល មានបុគ្គលចំនួន ២៣រូប មិនទាន់មានសិទ្ធិធ្វើនយោបាយ ដោយសារបុគ្គល ១រូប កំពុងស្ថិតក្នុងនីតិវិធីជំនុំជម្រះ របស់តុលាការ និងបុគ្គលចំនួន២២រូបទៀត មានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការផងដែរ។

នាយឧត្តមសេនីយ៍ បានឲ្យដឹងទៀតថា បច្ចុប្បន្នសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះបញ្ជីមានចំនួន ៦,១០៩ (សមាគម ២.៦២៣, អង្គការមិនមែនរដ្ឋាភិបាល ៣.៤៨៦ និងសហគមន៍ជនជាតិ ដើមភាគតិច ១៥២)៕

To Top