បរទេស ៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov និងសមភាគីលោករដ្ឋមន្ត្រី ការបរទេសចិន Wang Yi មិនបានធ្វើការពិភាក្សា ទៅលើសំណើរជាកិច្ចព្រមព្រៀង ដែលរៀបចំឡើងដោយទីក្រុងប៉េកាំងនោះទេ ចំពោះមុខបញ្ហាជម្លោះ នៅអ៊ុយក្រែន។
លោកស្រី បានបន្តទៀតថា ៖ ដៃគូចិន របស់យើងបានពន្យល់ អំពីការគិតរបស់ពួកគេ ចំពោះឬសគល់ ដែលបណ្តាឲ្យមានវិបត្តិជម្លោះនៅអ៊ុយក្រែន និងក៏ដូចជាវិធីសាស្ត្រ បែបនយោបាយ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ប៉ុន្តែមិនមានការពិភាក្សាលំអិត ទៅលើផែនការដើម្បីកិច្ចព្រមព្រៀង ណាមួយឡើយ ។
រំលឹកដែរថា កាលពីខែសប្តាហ៍ មុនលោករដ្ឋមន្ត្រីការបរទេស Wang Yi បានលើកឡើងអំពីផែនការ នៃកិច្ចព្រមព្រៀងដែលត្រូវបានរៀបចំឡើង ដោយភាគីចិន ហើយក្នុងនោះ លោករដ្ឋមន្ត្រីចិនរូបនេះក៏បានព្រមានថា ក៏នឹងមានភាគីមួយចំនួនមិនពេញចិត្ត ចំពោះផែនការនេះនោះដែរ។
ដោយឡែកកាលពីថ្ងៃចន្ទ ដើមសប្តាហ៍កន្លងមកនេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Wang Wenbin ក៏បានធ្វើការលើកឡើង អំពីសំណើរជាកិច្ចព្រមព្រៀង សន្តិភាពពីសំណាក់ប្រទេសចិន សាជាថ្មីផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី