ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល ៤ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រមូលចំណូលបានជិត ១១លានដុល្លារ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កុម្ភៈបានបញ្ជាក់ថា ក្រសួង នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ។
ក្រសួង បានលើកឡើងថា «ចាប់តាំងពីបើកឱ្យដំណើរការ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួនជិត ១,៩លាន ក្នុងនោះ មានប្រមាណជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុបជិត ១១លានដុល្លារ»។
សូមរំលឹកថា ក្នុងប្រជុំពិភាក្សាលើការអនុវត្តការងារ នៃផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយមានការចូលរួមសំណាក់ថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC) និងមន្ត្រីជំនាញពាក់ព័ន្ធ នាថ្ងៃទី២៧ កុម្ភៈ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការឃោសនាអប់រំទាក់ទងនឹងការបើកបរលើផ្លូវល្បឿនលឿន ឱ្យបានកាន់ទូលំទូលាយទៅកាន់សាធារណជន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តវិធានច្បាប់ឱ្យបានតឹងរឹងចំពោះបទល្មើសចរាចរណ៍ ជាពិសេសលើករណីការបើកបរបញ្ច្រាសទិស។
លោកទេសរដ្ឋមន្ដ្រី បន្ដថា ចំពោះគំនូសសញ្ញាបែងចែកគន្លងផ្លូវនៅតាមស្ថានីយ តម្រូវឱ្យមានការគូសឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ បញ្ចៀសការចូលខុសគន្លង ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។ ជាមួយគ្នានេះដែរ ទាក់ទងនឹងសោភណ្ឌភាព អនាម័យ និងសេវាកម្ម នៅតាមទីតាំងឈប់សម្រាកនានា តម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករយកចិត្តទុកដាក់ឱ្យបានខ្ពស់៕