ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រសំណើទាំង១២ ចំណុចរបស់ចិនទាក់ ទងបញ្ហានៅអ៊ុយក្រែន និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដោយយកចិត្តទុកដាក់បំផុតចំពោះសំណើរទាំងនេះ ។
ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។
យោងតាមគណនីហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «នៅក្នុងឱកាសគម្រប់ខួបមួយឆ្នាំ នៃសង្គ្រាមនៅអ៊ុយក្រែន ប្រទេសចិន បានដើរតួនាទីឈានមុខមួយ ក្នុងការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងសំណើដែលមាន ១២ចំណុច» ។
សម្ដេចគូសបញ្ជាក់ថា «កម្ពុជាគាំទ្រសំណើរ១២ ចំណុចរបស់ប្រទេសចិនដោយសារសំណើរ បស់ប្រទេសចិនចែងអំពីការគោរពច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាវិធានសម្រាប់ទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ ដូចជាអធិបតេយ្យភាព បូរណភាពដែនដីនិងឯករាជ្យភាព»។
សម្ដេចតេជោបន្ថែមថាសំណើខាងលើបានអំពាវនាវ ឲ្យបញ្ឈប់ភាពប្រទូសរ៉ាយផ្នែកយោធា ហើយសម្ដេចក៏បានគូសបញ្ជាក់ថាតាមបទពិសោធន៍សង្គ្រាម គឺជាមធ្យោបាយដ៏អាក្រក់បំផុត សម្រាប់បញ្ចប់ឯបទឈប់បាញ់ គឺជាមធ្យោបាយល្អបំផុត ដើម្បីឈានទៅបញ្ចប់សង្គ្រាម។សំណើរនេះក៏បានអំពាវនាវឲ្យ មានកិច្ចសន្ទនាសន្តិភាពនិងបញ្ឈប់ទណ្ឌកម្ម ជាឯកតោភាគីផងដែរ។
សម្ដេចតេជោបន្តទៀតថា គោលការណ៍ខាងលើស្របគ្នា ជាមួយនឹងជំហររបស់កម្ពុជាបន្ថែមលើនេះ សំណើរបស់ចិន ក៏បានផ្ដោតលើទិដ្ឋភាពមនុស្សធម៌សន្តិសុខស្បៀង និងស្ថាបនាឡើងវិញ ក្រោយជម្លោះ។ កម្ពុជាអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដ៏យកចិត្តទុកដាក់ ចំពោះសំណើររបស់ចិនដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា បញ្ចប់ការឈឺចាប់របស់ប្រជាជន និងការបំផ្លិចផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ និងនាំត្រឡប់មកវិញនូវសន្តិភាព៕
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ទីក្រុងប៉េកាំង បានប្រកាសពីគោលជំហររបស់ខ្លួន អំពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ ដែលមាន ១២ចំណុច រួមមាន៖ ទី១៖ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា ទី២៖ បោះចោលគំនិតសង្គ្រាមត្រជាក់ ទី៣៖ ឈប់បាញ់គ្នា ទី៤៖ ចាប់ដំណើរការចរចាសន្តិភាព ទី៥៖ ដោះស្រាយវិបត្តិមនុស្សធម៌ ទី៦៖ ការពារជនស៊ីវិលនិងអ្នកទោសសង្រ្គាម ទី៧៖ គាំពារសុវត្ថិភាពនៃរោងចក្រផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរ ទី៨៖ កាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ទី៩៖ ធានាការនាំចេញស្បៀងអាហារ ទី១០៖ បញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី ទី១១៖ ធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និងទី១២៖ ជំរុញការកសាងឡើងវិញក្រោយពីសង្គ្រាម៕