ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់១៥ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលជាហេតុធ្វើឱ្យអាកសាធាតុចុះត្រជាក់ នឹងមានភ្លៀងពីខ្សោយទៅតិចតួច។
យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣បានឱ្យដឹងថា
ស្ថានភាពធាតុអាកាសនៃ ព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលដូចតទៅ ៖ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប និងពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។
ក្រសួងថា លក្ខណបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្ដាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ ។
ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ។ពីថ្ងៃទី១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ២-៣ អង្សាសេនៅវេលាយប់ និងព្រឹក ។
ចំណែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ អង្សាសេ និង អាចមានភ្លៀងក្នុងកម្រិត ពីខ្សោយទៅតិចតួចដោយអន្លើ ៕