ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបើកកម្មវិធី អបអរសាទរខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធី «អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន»។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រារព្ធឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ៧-៨ មីនា ដោយមានរៀបចំការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ត, ការដាក់តាំងលក់ និងដេញថ្លៃ លេខពិសេស ដើម្បីកៀរគរថវិកា ជួយដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។

លើសពីនេះ នៅល្ងាចថ្ងៃទី៨ ក៏មានការប្រគំតន្ត្រី ដោយចូលរួមពីសំណាក់សិល្បករ សិល្បការិនីល្បីៗ ក្នុងន័យបញ្ជ្រាបការយល់ដឹងអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅកាន់សាធារណជន ៕

សូមបញ្ជាក់ថា លេខពិសេសផ្ទាល់ខ្លួន គឺជាសេវាសាធារណៈថ្មីមួយ ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ បងប្អូនអាចចូលរួមគាំទ្របន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លាកលេខពិសេស ពិសេសផ្ទាល់ខ្លួន ដោយធ្វើការបញ្ជាទិញលេខរថយន្ត ដែលស្រលាញ់ពេញចិត្តសម្រាប់រថយន្តបាន តាមរយៈការទិញ ស្នើទិញ ឬដេញថ្លៃជាសាធារណៈ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្ម Online របស់ក្រសួង ក្នុងការស្នើសុំសេវាសាធារណៈផ្សេងៗ ដូចជា ប្រព័ន្ធចុះបញ្ជីរថយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ឬប្រឡងយកបណ្ណបើកបរជាដើម បងប្អូនអាចធ្វើបានដោយខ្លួនឯង ដោយងាយស្រួល មិនស្មុគស្មាញ ចំណាយពេលវេលា និងកាត់បន្ថយការ ចំណាយក្រៅផ្លូវការ។

ជាមួយគ្នានេះដែរ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការអនុវត្តការលក់លេខចុះបញ្ជីរថយន្ត បានចំនួនសរុប១១៨.០៥២លេខ និងទទួលបានចំណូលសរុបចំនួន ២១៨.៥៣៣.០៧០.៨០០រៀល ស្មើនឹង ៥៤.៦៣៣.២៦៧ ដុល្លារ ក្នុងនោះរួមមាន៖ (១)លេខពិសេស លក់បានចំនួន ១០១.៩២០លេខ ទទួលបានចំណូលសរុបស្មើនឹង ២៥.៩៥៧.៧៣៣ដុលា្លរ (២) លេខពិសេសផ្ទាល់ខ្លួន លក់បានចំនួន ១៦.១៣២លេខ ទទួលបានចំណូលសរុបស្មើនឹង ២៨.៦៧៥.៥៣៤ដុល្លារ។

ដោយឡែក លទ្ធផលនៃការប្រមូលចំណូលឆ្នាំ២០២២ ពីការលក់លេខចុះបញ្ជីរថយន្ត សម្រេចបានចំណូលសរុបចំនួន ៨៣.៤៥៩.០៤៣.៥០០រៀល ស្មើនឹង ២០.៨៦៤.៧៦១ ដុល្លារ មានការកើនឡើងចំនួន២២% ធៀបទៅនឹងចំណូលរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ នេះជាការបញ្ជាក់ក្នុងរបាយការណ៍ ជម្រាបទៅកាន់អង្គពិធី របស់ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត៕

To Top