ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹក ចិត្តឲ្យក្រសួងសុខាភិបាល បន្ដកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រកម្រិតឧត្តម និង មានបទពិសោធជាក់ស្តែង ក្នុងវិស័យសុខាភិបាល មកបង្រៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល។
ការលើកទឹកចិត្ដរបស់នាយករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាស ដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាលនារសៀលថ្ងៃទី៧មីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមលើកទឹកចិត្ត ឲ្យក្រសួងសុខាភិបាល បន្ដកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រកម្រិតឧត្តម និងមានបទពិសោធជាក់ស្តែង ក្នុងវិស័យសុខាភិបាល មកបង្រៀន នៅតាមគ្រឹះ ស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល»។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យក្រសួងសុខាភិបាល ត្រូវបង្កើត យន្តការលើកទឹកចិត្ត ដល់សាស្រ្តាចារ្យ ក្នុងវិស័យសុខាភិបាល ឲ្យធ្វើការ សិក្សាស្រាវ ជ្រាវជាប្រចាំ ដើម្បីសម្រួចទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ឲ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាព ផ្តល់សេវាសុខាភិបាល។
សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ប្រព័ន្ធគាំទ្រសង្គម គឺជាឧបករណ៍គោ លនយោបាយសម្រាប់ ការកាត់បន្ថយភាពក្រីក្រ ឬភាពងាយរងគ្រោះ និងវិសមាភាពសង្គម ព្រមទាំងការពារមូលធនមនុស្ស និងជួយជំរុញការលូតលាស់ នៃសេដ្ឋកិច្ច។
ក្នុងឱកាសនោះដែរសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានណែនាំដល់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់ កិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងយន្តការ ពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួ សារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព។ជាពិសេសត្រូវធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសា រតែគ្មានលទ្ធភាពបង់ថ្លៃសេវា តាមរយៈការពង្រឹងយន្តការពិនិត្យតាមដាន និង វាយតម្លៃនិន្នាការ នៃការប្រើប្រាស់សេវាថែទាំសុខភាព និងប្រតិបត្តិការ នៃកម្មវិធីមូលនិធិសមធម៌ និងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ បង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិ ភាវូនីយកម្ម លើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព។
សម្តេចតេជោបានសង្កត់ធ្ងន់ថា មុខងារអាជីពជាចម្បង របស់មន្ត្រីសុខាភិបាល, គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឲ្យមាន ការព្យាបាល សុខភាព ប្រកបដោយទឹកចិត្តបរិសុទ្ធ និង គោរពស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល៕