ព័ត៌មានជាតិ

JCI Toul Kork នឹងរៀបចំកម្មវិធី [យោគ: និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៣] នាថ្ងៃទី ១៨ ខែមីនា ខាងមុខនេះ

ភ្នំពេញ​៖ ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ សាខា​ទួល​គោក នឹង​រៀបចំ​កម្មវិធី “​យោគៈ និង​សមាធិ ដើម្បី​បង្កើន​គុណភាព​ជីវិត – Yoga & Meditation for Wellbeing” លើក​ទី​៣ ក្នុងគោលបំណងដើម្បីលើកតម្កើងគុណភាពជីវិតជាមូលដ្ឋាន និងគុណតម្លៃនៃការអនុវត្ត​​ធ្វើ​សមាធិ និង​យោគៈ នៅ​ថ្ងៃ​ទី​១៨ ខែមីនា​ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ដែល​នឹងប្រារព្ធ​ធ្វើ​ឡើង​នៅ AEON MAll Sen Sok Hall។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ ២០១៩ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​នេះ​ឡើងជា​លើក​ទី​១ និងលើកទី២ នៅក្នុងឆ្នាំ២០២២​ ។​ សម្រាប់កម្មវិធី​ ​“​យោគៈ និង​សមាធិ ដើម្បី​បង្កើន​គុណភាព​ជីវិត – Yoga & Meditation for Wellbeing”​ ទាំងពីរលេីកគឺមានការចូលរួម​ និងគាំទ្រ​ពី​សំណាក់​ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព, លោក នឹម ឈុ​ន្នី និងលោក យាន់ វណ្ណៈ ដែល​ជា​វាគ្មិន​កិត្តិយស ដើម្បី​លើកតម្កើង​សុខភាព​ផ្លូវចិត្ត តាម​រយៈ​ការ​បង្ហាត់បង្ហាញ និង​ការ​អនុវត្ត​ការ​ធ្វើ​សមាធិ និង​យោគៈ។

ប្រធាន​គម្រោង លោក​ វ៉ុង​ សូរិយា បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​បង្កើត​គម្រោង​នេះ​ជា​លើក​ទី​៣ ក្នុង​គោល​បំ​ណង​បណ្តុះបណ្តាល ​យល់​ដឹង​ពីសារ​ប្រយោជន៍ នៃ​យោគៈ និង​សមាធិ ដល់​អ្នកចូលរួម ក៏​ដូច​ជា​ប្រជាជន​ទូទៅ លើ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត ដែល​ជា​កត្តា​ចម្បង ​ក្នុង​ការ​បង្កើន​គុណភាព​ជីវិត​រស់នៅ និង​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ រវាង​ក្រុម​គ្រួសារ មិត្តភក្តិ ក៏​ដូច​ជា​ដៃគូរ​ជំនួញ ញ៉ាំង​ឱ្យ​ប្រសិទ្ធភាព និង​ផលិតភាព​ការងារកាន់តែល្អ​ប្រសើរ​ឡើង​ ។

ឆ្លៀតក្នុងឱកាសនោះ កញ្ញា ស៊ុន ស៊ីហនិតនោវី ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក ឆ្នាំ២០២៣ បានសម្តែងក្តីសោមនស្សរីករាយ និងអំណរគុណដល់ក្រុមហ៊ុន Phnom Penh Precast Plants, ក្រុមហ៊ុន Morakot Park City, ក្រុមហ៊ុន Urban Architecture, ក្រុមហ៊ុន 5 Siblings, ក្រុមហ៊ុន SCPC Automatioon, ក្រុមហ៊ុន AIA ,ក្រុមហ៊ុន AEON MALL Sen Sok City និងក្រុមហ៊ុនជាច្រើនទៀត ដែលបានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនេះឱ្យប្រព្រឹត្តិទៅបាន។

ស្រប​ពេល​នេះផងដែរ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ សាខា​ទួល​គោក​ (JCI Toul Kork) មាន​កិត្តិយស​គោរព​អញ្ជើញ​ប្រជាជន​ទាំងអស់​ចូលរួម​កម្មវិធី នាពេល​ខាង​មុខ​នេះ ដោយ​ចុះ​ឈ្មោះ​តាម​រយៈតំណ​ភ្ជាប់​ខាងក្រោម ​៖
Registration Link: https://forms.gle/9ZukbuExcswUeeT87 (​ផុតកំណត់​ចុះឈ្មោះត្រឹមថ្ងៃទី ១៦ មីនា​ ២០២៣ / ចំនួនសំបុត្រមានកំណត់) ៕

To Top