ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ៖ ព័ត៌មានក្លែងក្លាយអាចកើតឡើង នៅពេលបោះឆ្នោត ដូច្នេះអ្នកសារព័ត៌មាន ត្រូវឆ្លើយតបទាន់ពេលវេលា

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការបោះឆ្នោតសកល អាណត្តិទី៧ នាពេលខាងមុខ អាចនឹងកើតមាន ការផ្សព្វផ្សាយនូវព័ត៌មាន ក្លែងក្លាយ បង្កការប៉ះពាល់ដល់ការបោះឆ្នោត ដែលបញ្ហានេះ ក៏អំពាវនាវដល់សារព័ត៌មានទាំងអស់ ជួយផ្សព្វផ្សាយបង្សាប និងឆ្លើយតបឲ្យបានទាន់ពេលវេលា ។

ក្នុងឱកាសអញ្ជើញបិទសន្និបាទ បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ក្រោមប្រធានបទ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌ មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល» នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានឲ្យដឹងថា ព័ត៌មានក្លែងក្លាយមានន័យច្រើន ព្រោះខ្លះជាព័ត៌មានដែលគេបំភ្លៃ និងព័ត៌មានខ្លះមិនបំភ្លៃទេ ប៉ុន្តែគេពង្រីកពីតូច ឲ្យទៅជាធំ ដែលបញ្ហានេះ សំខាន់គឺអ្នកសារព័ត៌មាន ជាអ្នកត្រូវលុបបំបាត់ នូវព័ត៌មានក្លែងក្លាយនេះ ។

លោករដ្ឋមន្ដ្រី បន្តថា ចំពោះការបន្សាបនូវព័ត៌មានក្លែងក្លាយនេះ ត្រូវរកប្រភពពិត ឬរកប្រភពគ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងព័ត៌មាននោះ ដើម្បីបកស្រាយ និងត្រូវពិនិត្យមើលផ្ទៀតផ្ទាត់ឲ្យបានម៉ត់ចត់ មុននឹងផ្សាយព័ត៌មានអ្វីមួយ ។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «សម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ ព័ត៌មានក្លែងក្លាយ នឹងកើតមានដោយស្វ័យប្រវត្តិ ហើយក៏មាន ប៉ះពាល់ខ្លះផងដែរ ដល់ការបោះឆ្នោតនេះ ហើយត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត មិនបំពានអ្នកដទៃ កុំបំភ្លៃការពិត ហើយកម្ពុជាមាន សិទ្ធិដកនូវអាជ្ញាធរបណ្ណសារព័ត៌មាននៅកម្ពុជា ដែលផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌»។

លើសពីនេះ លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានលើកឡើងថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយ និងព័ត៌មានក្លែងក្លាយ ។ លោករដ្ឋមន្ដ្រី បន្ដថា នៅពេលផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាព ដល់អ្នកសារព័ត៌មាន ទទួលបានចាក់វ៉ាក់សាំង មុនមដូចក្រុមគ្រូពេទ្យ និងទាហាននៅជួរមុខផងដែរ៕

To Top