និពន្ធដោយ៖ Sandeep Gover ប្រធានផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផល និង Mabel Wang ប្រធានផ្នែកមាតិកានិងផលិតផលអ្នកបង្កើតមាតិកានៃក្រុមហ៊ុន TikTok
ថ្ងៃនេះ TikTok ដាក់ដំណើរការមុខងារថ្មីមួយដែលអាចឱ្យអ្នកប្រើប្រាស់ Refresh ទំព័រ For You feed របស់ពួកគេ ប្រសិនបើវីដេអូដែលត្រូវបានណែនាំលែងទទួលបានការចាប់អារម្មណ៍ពីពួកគេតទៅទៀត។ TikTok ក៏កំពុងផ្តល់ជូនការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពមួយផ្សេងទៀតអំពីកិច្ចប្រឹងប្រែងជាបន្តរបស់ខ្លួន ដើម្បីការពារអ្នកប្រើប្រាស់មិនឱ្យមើលឃើញវីដេអូដដែលៗ ខណៈដែលបណ្តាញសង្គមមួយនេះនឹងបន្តធ្វើការងារដើម្បីឱ្យគោលដៅនៃអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចេញមតិ និងទទួលបានបទពិសោធមើល (View) ដ៏រីករាយរបស់ពួកគេមានតុល្យភាព។
ជម្រើសចាប់ផ្តើមដ៏ស្រស់ស្រាយជាមួយ TikTok
ទំព័រ For You Feed នៅលើ TikTok ជួយអ្នកប្រើប្រាស់ឱ្យស្វែងរកមាតិកា អ្នកបង្កើតមាតិកា សហគមន៍ និងផលិតផល។
ប៉ុន្តែ TikTok ក៏អាចយល់ផងដែរថា មានពេលខ្លះនៅពេលដែលវីដេអូដែលត្រូវបានណែនាំលែងពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ ឬក៏លែងផ្តល់មាតិកាចម្រុះគ្រប់គ្រាន់តទៅទៀត។ ដូច្នេះ TikTok ដាក់ដំណើរការមុខងារថ្មីមួយដើម្បីឱ្យអ្នកប្រើប្រាស់អាច Refresh ទំព័រ For You feed របស់ពួកគេ នៅពេលដែលពួកគេគិតថា មាតិកាឬវីដេអូដែលត្រូវបានណែនាំលែងជាមាតិកាដែលពួកគេចង់មើលតទៅទៀត។ នៅពេលបើកដំណើរការមុខងារនេះ មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលមាតិកាផ្សេងៗនៅលើទំព័រ For You feed របស់ពួកគេហាក់ដូចជាពួកគេទើបតែចុះឈ្មោះប្រើប្រាស់ TikTok ដំបូងៗដូច្នេះដែរ។ ប្រព័ន្ធណែនាំវីដេអូរបស់ TikTok នឹងចាប់ផ្តើមណែនាំមាតិកាបន្ថែមទៀតទៅឱ្យអ្នកប្រើប្រាស់ដោយផ្អែកលើទំនាក់ទំនងថ្មីៗ។
មុខងារនេះត្រូវបានផ្តល់ជូនបន្ថែមពីលើមុខងារគ្រប់គ្រងមាតិការមួយចំនួន ដែលសហគមន៍របស់ TikTok បានបង្កើតរួចហើយដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធល្អៗ។ ឧទាហរណ៍ អ្នកប្រើប្រាស់អាចជ្រើសរើសមិនមើលវីដេអូណាដែលមាន hashtags ឬឃ្លាជាក់លាក់ណាមួយពីទំព័រ For You feeds របស់ពួកគេ ហើយនិយាយថា “មិនចាប់អារម្មណ៍” ដើម្បីរំលងវីដេអូក្រោយៗពីអ្នកបង្កើតមាតិការជាក់លាក់ណាម្នាក់ ឬសំឡេងជាក់លាក់ណាមួយ។ ការបើកដំណើរការមុខងារ Refresh នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការកំណត់ (Setting) ណាមួយដែលអ្នកប្រើប្រាស់បានជ្រើសរើសរួច ឬប៉ះពាល់ដល់គណនីដែលអ្នកប្រើប្រាស់បានតាមដាននោះទេ។
របៀបដែល TikTok ធ្វើការងារដើម្បីផ្តល់ជូនបទពិសោធមើល (View) ដ៏រីករាយ
TikTokកំពុងធ្វើការឥតឈប់ឈរដើម្បីផ្តល់បទពិសោធមើលដ៏រីករាយ ហើយបណ្តាញសង្គមមួយនេះមានវិធីសាស្រ្តជាច្រើនដើម្បីជួយការពារភ្លែតហ្វមរបស់យើងតាមរយៈ៖
- ដកចេញមាតិកាដែលយើងរកឃើញថាបានបំពានគោលការណ៍របស់យើង ដូចជាមាតិកាដែលមានខ្លឹមសារជំរុញឱ្យធ្វើបាបខ្លួនឯង និងទម្លាប់បរិភោគមិនទៀងទាត់។
- ផលិតមាតិកាដែលមិនសមរម្យសម្រាប់ទស្សនិកជនទូលំទូលាយ ដែលមិនមានសិទ្ធិសម្រាប់ការណែនាំបន្តនៅលើទំព័រ For You feeds។
- កាត់បន្ថយដល់អប្បបរមានៃប្រធានបទដែលអាចបង្កើតឱ្យមានរូបភាពអវិជ្ជមាន ប្រសិនបើត្រូវបានមើលម្តងហើយម្តងទៀត។
- ច្រោះចោលមាតិកាសម្រាប់មនុស្សពេញវ័យឬស្មុគស្មាញចេញពីគណនីរបស់អ្នកប្រើប្រាស់វ័យជំទង់តាមរយៈប្រព័ន្ធចាត់ចំណាត់ថ្នាក់មាតិការបស់ TikTok។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ វីដេអូជាង ៦៥,០០០ អំពីការវះកាត់កែសម្ផស្សត្រូវបានដកសិទ្ធិមិនឱ្យបង្ហាញបន្តដល់ក្មេងជំទង់នៅក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ។
របៀបដែល TikTok ដោះស្រាយបញ្ហាដែលកើតមានដដែលៗ
បញ្ហាប្រឈមដែលមានតាំងពីដើមមកនៃប្រព័ន្ធណែនាំវីដេអូណាមួយកំពុងធានាថា ភាពទូលំទូលាយនៃមាតិកាដែលណែនាំទៅកាន់អ្នកមើល មិនតិចពេកឬមិនច្រំដែលពេក។ TikTok មានបំណងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រឈមនេះនិងធ្វើការងារដើម្បីបង្កើតប្រព័ន្ធមួយដែលផ្តល់ជូនមាតិកាច្រើនប្រភេទ។ ឧទាហរណ៍ អ្នកមើលជាទូទៅនឹងមើលមិនឃើញវីដេអូចំនួនពីរនៅក្នុងជួរតែមួយដែលផលិតដោយអ្នកផលិតមាតិកាតែម្នាក់ ឬដែលប្រើសំឡេងដូចគ្នា ហើយភ្លែតហ្វមនេះព្យាយាមចៀសវាងមិនបង្ហាញអ្នកប្រើប្រាស់នូវអ្វីមួយដែលពួកគេមើលឃើញពីមុនរួចហើយ។
លើសពីនេះទៀត TikTokធ្វើការងារដោយប្រុងប្រយ័ត្នក្នុងការអនុវត្តការកំណត់ដែនមាតិកាមួយចំនួនដែលមិនបានរំលោភបំពានគោលការណ៍របស់ខ្លួន ប៉ុន្តែអាចជះឥទ្ធិពលលើបទពិសោធរបស់អ្នកមើលបាន ប្រសិនបើពួកគាត់ឃើញវីដេអូដដែលៗច្រើនដង ជាពិសេសគឺមាតិកាដែលបង្ហាញពីភាពសោកសៅ ការធ្វើលំហាត់ប្រាណឬការតមអាហារខ្លាំងជ្រុលពេក ឬការណែនាំពីផ្លូវភេទជាដើម។
TikTok ដឹងថា អ្នកប្រើប្រាស់បញ្ចេញមតិយោបល់និងអារម្មណ៍របស់ពួកគេតាមវិធីសាស្រ្តជាច្រើននៅលើ TikTok រួមទាំងនៅពេលដែលពួកគេកំពុងមានអារម្មណ៍សោកសៅ ឬកំពុងឆ្លងកាត់បទពិសោធដ៏លំបាកៗនៅក្នុងជីវិត។ បណ្តាញសង្គមមួយនេះតែងតែឮអ្នកជំនាញនិយាយថា នៅពេលដែលអ្នកទាំងនោះបិទទ្វារបន្ទប់សំងំនៅម្នាក់ឯងនៅពេលដែលពួកគេមានអារម្មណ៍សោកសៅ នោះពួកគេកាន់តែមានអារម្មណ៍ឯកា និងទទួលរងអារម្មណ៍ថាមានការមាក់ងាយពីអ្នកជុំវិញខ្លួនទៀតផង និងថា ការអនុញ្ញាតអ្នកប្រើប្រាស់មើលឃើញរបៀបដែលអ្នកផ្សេងទៀតដោះស្រាយជម្នះអារម្មណ៍លំបាកអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកមើល ជាពិសេសក្មេងជំទង់។ ជាមួយនឹងគំនិតទាំងនេះ វិធីសាស្រ្តរបស់ TikTok គឺការលុបចោលមាតិកាណាដែលជំរុញ ឬលើកទឹកចិត្តឱ្យនរណាម្នាក់ធ្វើបាបខ្លួនឯង ឬប៉ះពាល់ដល់គោលការណ៍ផ្សេងៗទៀតរបស់យើង ខណៈដែលអនុញ្ញាតឱ្យមានការបង្ហោះវីដេអូបែបលើកទឹកចិត្ត ដើម្បីជួយឱ្យអ្នកប្រើប្រាស់ដែលមានបញ្ហាប្រែក្លាយជាក្លាហានក្រោកឈឡើងវិញ ឬក៏វីដេអូបែបអប់រំ ប៉ុន្តែយើងនឹងកំណត់ថាតើវីដេអូទាំងនោះមានសិទ្ធិទទួលបានការណែនាំញឹកញាប់ប៉ុណ្ណា។
ប្រព័ន្ធរបស់ TikTok អាចស្វែងរកប្រភេទវីដេអូដូចគ្នាក្នុងចំណោមមាតិកានានា ដូចជាវីដេអូបែបសោកសៅ ឬតមអាហារខ្លាំងពេកដែលស្ថិតក្នុងប្រភេទវីដេអូដែលមានសិទ្ធិសម្រាប់ការណែនាំបាន។ ប្រសិនបើមានវីដេអូប្រភេទនេះច្រើន វីដេអូទាំងនោះនឹងត្រូវបានជំនួសដោយវីដេអូផ្សេងទៀត ដើម្បីកាត់បន្ថយការណែនាំវីដេអូដដែលៗ និងណែនាំវីដេអូចម្រុះកាន់តែច្រើនដល់អ្នកមើល។ ការងារនេះកំពុងតែដំណើរការ ហើយក្នុងរយៈពេលត្រឹមតែមួយឆ្នាំចុងក្រោយនេះ TikTok បានធ្វើបច្ចុប្បន្នភាពជាង ១៥ដងជាបន្តបន្ទាប់ដើម្បីកែលម្អប្រព័ន្ធរបស់យើង ហើយថែមទាំងបង្កើនការផ្តល់ជូនភាសាកាន់តែច្រើនទៀត។
ក្រុមការងារផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផលរបស់ TikTok ធ្វើការងាររួមគ្នាដើម្បីជំរុញការងារនេះ ដោយមានការស្រាវជ្រាវឯកសារ និងមានការពិគ្រោះយោបល់ពីអ្នកជំនាញ ដូចជាសមាគមអន្តរជាតិសម្រាប់ការបង្ការអត្តឃាតជាដើម។ TikTok នឹងបន្តការងារនេះដោយយកចិត្តទុកដាក់ ខណៈពេលដែលយើងប្រឹងប្រែងណែនាំមាតិកាចម្រុះបែបដើម្បីផ្តល់ជូនបទពិសោធទស្សនារបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ ភ្លែតហ្វមនេះប្តេជ្ញាផ្តល់ជូនទីកន្លែងសម្រាប់ការបញ្ចេញមតិ និងទីកន្លែងសម្រាប់ទទួលបានភាពរីករាយសម្រាប់សហគមន៍របស់យើង៕