បរទេស៖ ការចំណាយលើវិស័យយោធាពិភពលោក បានឡើងដល់កម្រិតខ្ពស់បំផុតគឺ ២,២៤ ពាន់ពាន់លានដុល្លារក្នុង ឆ្នាំ២០២២ ខណៈដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានជំរុញឱ្យមានការកើន ឡើងយ៉ាងខ្លាំងនៃការចំណាយ យោធានៅទូទាំងទ្វីបអឺរ៉ុប នេះបើយោងតាមក្រុមអ្នកគិតផ្នែកការពារជាតិឈានមុខគេ។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងនៅថ្ងៃចន្ទនេះ ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការចំណាយលើវិស័យ យោធាពិភពលោកថា ការចំណាយសកលបានកើនឡើងក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា។
មានការកើនឡើង ១៣ភាគរយនៅអឺរ៉ុប ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៣០ឆ្នាំ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។
ប្រភពព័ត៌មានពី SIPRI បានឲ្យដឹងថា ភាគច្រើននៃរឿងនោះមានទំនាក់ទំនងជាមួយរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែប្រទេស ផ្សេងទៀតក៏បានបង្កើនការចំណាយយោធាផងដែរ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់រុស្ស៊ី។
លោក Nan Tian អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីចំណាយយោធា និងផលិតអាវុធរបស់ SIPRI បានឲ្យដឹងថា “ការកើនឡើងជាបន្តបន្ទាប់នៃការចំណាយលើវិស័យយោធាពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានសុវត្ថិភាពកាន់តែខ្លាំងឡើង” ។
លោកបានបន្ដថា “រដ្ឋនានាកំពុងពង្រឹងកម្លាំងយោធា ដើម្បីឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខ ដែលកាន់តែយ៉ាប់យ៉ឺន ដែលពួកគេមិន បានរំពឹងទុកថា នឹងមានភាពប្រសើរឡើងនាពេលខាងមុខនោះទេ”។
ទីក្រុងមូស្គូ បានចូលលុកលុយ និងដណ្ដើមយកឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤ និងបានគាំទ្រក្រុមឧទ្ទាម បំបែកខ្លួននៅភាគខាងកើតរបស់ប្រទេស មុនពេលវាចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ចំណាត់ការនេះបានធ្វើឱ្យមានការព្រួយបារម្មណ៍ក្នុងចំណោមប្រទេសដទៃទៀត ដែលនៅជិតខាងរុស្ស៊ី ឬធ្លាប់ជាផ្នែកនៃ ឥទ្ធិពលរបស់សហភាពសូវៀត ដោយការចំណាយរបស់ហ្វាំងឡង់កើនឡើង ៣៦ភាគរយ និងការចំណាយយោធា របស់លីទុយអានីកើនឡើង ២៧ ភាគរយ។
កាលពីខែមេសា ប្រទេសហ្វាំងឡង់ ដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ីលាតសន្ធឹងប្រហែល ១៣៤០គីឡូម៉ែត្រ (៨៣៣ម៉ាយ) បានក្លាយជាសមាជិកទី ៣១ នៃអង្គការណាតូ។ ប្រទេសស៊ុយអែត ដែលបានគេចចេញពីសម្ព័ន្ធភាពយោធាជាង ២០០ ឆ្នាំមកហើយ ក៏ចង់ចូលរួមដែរ៕
ប្រែសម្រួល ឈូក បូរ៉ា