ព័ត៌មានជាតិ

សម្ដេច ឃឹម សន ឲ្យគ្រប់វត្ត នៅភ្នំពេញ វាយជួង រគាំង និងទូងស្គរ អបអរពិធីទទួល និងដង្ហែព្រះអគ្គិជ័យស៊ីហ្គេម

ភ្នំពេញ ៖ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ បានស្នើព្រះអនុគណ ព្រះចៅអធិការ គ្រប់វត្តអារាម ក្នុងរាជធានីភ្នំពេញ វាយជួង រគាំង និងទូងស្គរ ឲ្យបានកងរំពងគ្រប់វត្តអារាម នាថ្ងៃ២៨ មេសា ដើម្បីចូលរួមអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា ពីត្រង់ចំណុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ បន្តឆ្ពោះទៅចំណុច រមណីយដ្ឋានវត្តភ្នំ នឹងទៅតម្កល់រក្សាទុកនៅ វត្តលង្កាព្រះកុសុមារាម រហូតដល់ចប់ក្បួនដង្ហែ ។

យោងតាមសេចក្ដីប្រកាសដំណឹង របស់សាលាគណរាជធានីភ្នំពេញ នាថ្ងៃទី២៤ មេសា បានឲ្យដឹងថា រដ្ឋបាលរាជធានី ភ្នំពេញ នឹងរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ានចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគៀល -ណងណុកយៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តឆ្ពោះទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ដូច្នេះព្រះអនុគណ ព្រះចៅ អធិការគ្រប់វត្តអារាម ក្នុងរាជធានីត្រូវវាយជួង រគាំង និងទូងស្គរ បានកងរំពងគ្រប់វត្តអារាម៕

To Top