ព័ត៌មានជាតិ

កសិករមិនគួរប្រថុយប្រថាន ដាំដុះស្រូវនៅដេីមរដូវវស្សា ដោយពឹងលើប្រភពទឹក តិចតួចឡើយ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សម្រាប់ការដាំដុះស្រូវដើមរដូវវស្សា កសិករមិនគួរប្រថុយប្រថានដាំដុះ ដោយពឹងលើប្រភពទឹកតិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាត ដោយសាររាំងស្ងួត។

ក្រសួងកសិកម្ម លើកឡើងបែបនេះក្រោយពីក្រសួងធនធាន ទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករណ៍អាកាសធាតុ ថា រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺតនៅសប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀង ពីតិចទៅមធ្យម និងមានកូនរដូវប្រាំង ដែលអាចកើតឡើង ហើយអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។ ស្ថានភាពបែបនេះ អាចបង្កផលប៉ះពាល់ ដល់ផលិតកម្មដំណាំកសិកម្ម ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កសិករត្រូវត្រៀមបង្ការ និងឆ្លើយតប តាមរយៈការលើកទប់ និងថែទាំភ្លឺស្រែឲ្យបានល្អ ដើម្បីរក្សាទឹកទុក ព្រមទាំងរៀបចំម៉ាស៊ីនបូមទឹក សម្រាប់បូមទឹកសង្គ្រោះនៅពេលចាំបាច់។

ក្រសួង បញ្ជាក់ទៀតថា «សម្រាប់ការដាំដុះស្រូវដើមរដូវវស្សា (ប្រភេទពូជស្រូវស្រាល) កសិករមិន គួរប្រថុយប្រថានដាំដុះ ដោយពឹងលើប្រភពទឹក តិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាត ដោយសាររាំងស្ងួត ។ ដោយឡែក តំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ កសិករគួរប្រញាប់ប្រញាល់ដាំដុះ នៅចុងខែមេសា ឬដើមខែឧសភានេះ ដើម្បីអាចប្រមូលផលស្រូវនៅចុងខែកក្កដា ឬខែសីហា»។

ក្រសួង បន្ដថា សម្រាប់តំបន់ដាំដុះស្រូវ អាស្រ័យទឹកភ្លៀង កសិករគួររូតរះភ្ជួរដាស់ដី ដើម្បីត្រៀមដាំដុះក្នុងខែមិថុនា ឬខែកក្កដា ដោយប្រើប្រាស់ប្រភេទពូជ ស្រូវកណ្តាលប្រកាន់រដូវ ដូចជា៖ ពូជស្រូវផ្ការំដួល និងប្រភេទពូជស្រូវផ្សេងៗទៀត ដែលនឹងត្រូវប្រមូលផលក្នុងខែវិច្ឆិកា ។ កសិករដែលដាំដុះដំណាំបន្លែ គួរប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ប្រក់សំណាញ់ ដើម្បីទប់កម្តៅ និងប្រើសារធាតុគម្របដីពីចំបើង ឬកាកសំណល់ដំណាំស្ងួត ឬគម្របប្លាស្ទិក ដើម្បីរក្សាសំណើមដីឱ្យបានយូរ ។

លើសពីនេះ ក្រសួងកសិកម្ម ក៏បានណែនាំដល់កសិករ ដែលស្ថិតនៅតំបន់ឆ្ងាយពីប្រភពទឹក ដូចជា ទន្លេ ស្ទឹង បឹង ឬអាងទឹក ត្រូវត្រៀមលក្ខណៈ រក្សាទឹកទុកឱ្យបានច្រើននៅក្នុងត្រពាំង ឬអាងស្តុកទឹកនៅតាមគ្រួសារ ឬសហគមន៍ សម្រាប់ទុក ស្រោចស្រពក្នុងពេលរាំងស្ងួត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ អង្គភាពជំនាញ ដើម្បីចុះត្រួតពិនិត្យ ប្រភពទឹក វាយតម្លៃផ្ទៃដីដាំដុះ ដែលអាចមានលទ្ធភាព ស្រោចស្រព និងសម្របសម្រួល បែងចែកការប្រើប្រាស់ទឹក ព្រមទាំងការផ្ដល់ បច្ចេកទេស ផលិតកម្ម ដំណាំតាមបែបទំនើបបន្សំ នឹងការប្រែប្រួលអាកាសធាតុ ៕

To Top