ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ បន្តជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល ព្រោះអ្វីៗដែលរាជរដ្ឋាភិបាលធ្វើ តែងតែគិតគូរ ដល់ប្រយោជន៍ប្រជាជនជានិច្ច។
នាឱកាសជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធប្រចាំទិសទី១ ទី២ និងទី៣ កាលពីថ្ងៃទី៨ ឧសភា ក្រៅពីការនាំយកអាវភ្លៀង និងសម្ភារសំខាន់ៗ ជូនកងកម្លាំងនៅខេត្តព្រះវិហារ លោក ហ៊ុន ម៉ានីបានរំលឹកឡើងវិញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យសេដ្ឋកិច្ច ដែលបានរីកដុះដាលឡើងវិញ ក្រោមម្លប់សុខសន្តិភាព។
លោកគូសបញ្ជាក់ថា «រដ្ឋាភិបាលកម្ពុជាតែងតែគិតគូរជានិច្ចដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាអាទិភាព»។ លោកបន្តថា សមិទ្ធផល នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការទាក់ទាញវិនិយោគទុន ជាបន្តបន្ទាប់កើតចេញពីការដឹកនាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងមានការគិតគូរខ្ពស់ ដល់ប្រជាជនជាធំ ។ ភាពរីកចម្រើននៃសេដ្ឋកិច្ច នឹងផ្តល់មកនូវឱកាសការងារ ក៏ដូចជាការតម្លើងប្រាក់បៀវត្សរ៍មន្រ្តីរាជការ ជាពិសេសកងកម្លាំងប្រដាប់អាវុធ នេះហើយជាគោលដៅអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាល ។
ផ្សារភ្ជាប់ជាមួយនឹងការលើកឡើង ខាងលើ លោកគូសបញ្ជាក់ទៅកាន់កងកម្លាំងថា «សូមឲ្យកងកម្លាំងគ្រប់រូប បន្តជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថាអ្វីៗ ដែលរដ្ឋាភិបាលបាននិងកំពុងអនុវត្ត គឺដើម្បីកម្ពុជារស់នៅប្រកបដោយភាពសំបូរសប្បាយ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាលំដាប់ ជាពិសេស ជីវភាពរបស់កងកម្លាំង និងគ្រួសារ»។
ជាមួយគ្នានេះ លោកក៏បន្ថែមទៀតថា កងកម្លាំង ប្រដាប់អាវុធ បានដើរតួរយ៉ាងសំខាន់ ក្នុងការការពារសុខសន្តិភាព និងធ្វើយ៉ាងណា មិនឲ្យប្រជាជនរស់នៅក្នុង ភាពភ័យខ្លាច។ កងកម្លាំងបានត្រៀមខ្លួនជានិច្ច ក្នុងការការពារទោះក្នុងកាលៈទេសៈណាក៏ដោយ។
សូមជម្រាបដែរថា កម្មវិធីចែកអាវភ្លៀង នៅតាមគណៈបញ្ជាការឯកភាពប្រចាំទិសទី១ ទី២ និងទី៣ គឺជាការបង្ហាញយ៉ាងជាក់ច្បាស់ ពីការយកចិត្តទុកដាក់ របស់ថ្នាក់នាំកំពូលកម្ពុជា ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខ របស់កងកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែន ៕