ភ្នំពេញ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែតុលានេះកម្លាំង សង្រ្គោះមិនទាន់ រកឃើញនារី ជនជាតិអង់គ្លេស ដែលបាត់ខ្លួន នៅលើកោះរ៉ុង នៅឡើយទេ ខណ:ប្រតិបត្តិការរុករកកំពុងបន្ត យ៉ាងសស្រាក់សស្រាំ ទាំងផ្លូវទឹកផ្លូវគោក ដោយមានការចូលរួមពីមន្ត្រី ជំនាញ ។
លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៣០តុលានេះថា ” បាទមិនទាន់រកឃើញនៅឡើយទេ” ។
ទាក់ទិនករណីនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ អោយកំលាំងគ្រប់ផ្នែកតាមរក នៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅ នានានៅលើកោះរ៉ុង និងកន្លែងដែលនារី នោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកឲ្យអស់លទ្ធភាព។
ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ បានចូលរួមដោយផ្ទាល់ ព្រមទាំងបញ្ជូនអូប័រចំនួន៦គ្រឿង សម្រាប់រួមសហការ ជាមួយកំលាំងសមត្ថកិច្ច ក្នុងការស្វែងរក ស្ត្រីជនជាតិអង់គ្លេសរូបនេះ ដែលបាត់ខ្លួនតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឲ្យអស់ពីលទ្ធភាពនូវអ្វី ដែលលោកអាចធ្វើបាន។
សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះ BAMBRIDGE AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង ៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង ៦:០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។
មុនបាត់ខ្លួនគេបាន ប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយ នៅឆ្នេរកោះរ៉ុង(Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ ក្នុងសមត្ថកិច្ចមូលដ្ឋានបាន រកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅ លើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែង ធ្វើពិធីជប់លៀងនោះផងដែរ។ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាមស្វែងរកនារីរងគ្រោះ ក្រោយទទួលដំណឹងភ្លាមៗពីការបាត់ខ្លួននេះ ៕