ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (វត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។
លោកបណ្ឌិត សូមចូលរួមអនុមោទនាត្រេកអរ ចំពោះសមិទ្ធផលថ្មីៗជាច្រើនក្នុងវិស័យពុទ្ធចក្រ នៅទីអារាមដ៏ចំណាស់ ជាមួយនឹងអាយុកាលប្រមាណជាង ១ សតវត្សរ៍ ដែលជាទីកន្លែងគួរជាទីមនោរម្យ និងជ្រះថ្លាសម្រាប់ការជួបជុំ និងធ្វើបុណ្យទានតាមប្រពៃណី និងជំនឿរបស់ពុទ្ធបរិស័ទ ចំណុះជើងវត្តផ្ទាល់ ក៏ដូចជាពុទ្ធបរិស័ទ មកពីគ្រប់ទិសទីផងដែរ ។ វត្តធនមន្ត គឺបានឆ្លងកាត់ដំណាក់កាល ជាច្រើន នៃដំណើរវិវត្តន៍របស់កម្ពុជា ជាពិសេសការលំបាក ក្នុងរយៈពេលសង្គ្រាម នាសម័យរដ្ឋប្រហារលន់នល់ផង និងក្នុងសម័យកាលដ៏ខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្មានសេសសល់ ហើយបាន ប្រែក្លាយទីអារាមទៅជាជង្រុកស្រូវ ជំនួសឱ្យជាទីកន្លែងគោរពបដិបត្តិសាសនា ។ ប៉ុន្តែបច្ចុប្បន្នយើងទាំងអស់គ្នា កំពុងសប្បាយរីករាយសាទរ នូវសមិទ្ធផល ដែលជាមនុញ្ញផល នៃការកសាងរបស់គណៈគ្រប់គ្រងវត្ត ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ក្នុងការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ និងផ្តល់ជាទីសុខសាន្តសម្រាប់ពុទ្ធសាសនិកគ្រប់ទិសទី ក្រោមម្លប់នៃសុខសន្តិភាព។
លោក បន្តថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលបានដំណើរការប្រកួត នៅលើទឹកនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៥ រាជធានី-ខេត្ត នឹងត្រូវប្រកាសបិទបញ្ចប់នាថ្ងៃនេះ ជាមួយនឹងភាពជោគជ័យ ភាពស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយឈរលើស្មារតីកីឡា និងស្រប តាមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ គឺជាមោទនភាពដ៏ គួរឱ្យស្ញប់ស្ញែង ក្នុងនាមជាខ្មែរ ដែលកម្ពុជា អាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដែលជាសហគមន៍តែមួយ ហើយក៏បន្តសុះសាយនៅទូទាំងសាកល តាមរយៈ យុទ្ធសាស្ត្រប្រកប ដោយភាពវ័យឆ្លាត របស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយ ឱ្យមានការផ្សព្វផ្សាយបន្តដោយមិនគិតថ្លៃ ជាពិសេសក៏បានផ្តល់ការស្នាក់នៅ ហូបចុកដល់គណៈប្រតិភូ និងកីឡាករទាំងអស់ ដោយមិនគិតថ្លៃផងដែរ ។ “យើងជាប្រទេសតូច តែបេះដូងធំ” យើងជាប្រទេសប្រកប ដោយភាពកក់ក្តៅ ដែលមានប្រជាជនពោរពេញ ដោយភាពរួសរាយ រាក់ទាក់ ។ ផ្អែកលើស្នាដៃ នៃការរៀបចំប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ គឺពិតជាបានសបញ្ជាក់ អំពីបេះដូងពិត និងតថភាព នៃការអភិវឌ្ឍរីកចម្រើនជាក់ស្តែងដែលកំពុងមានយ៉ាងប្រាកដនៅកម្ពុជា ក្រោមម្លប់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ តាមរយៈការបង្ហាញ ដល់ប្រជាជនគ្រប់ជាតិសាសន៍ លើពិភពលោកឱ្យបានដឹង បានស្គាល់ បានស្វែងយល់ បានមកទស្សនាកំសាន្ត និងអាចបន្តមកទស្សនាបន្តទៀត ក្នុងពេលខាមុខ ។ ជាក់ស្តែង មោទនភាពជាតិក្នុងស្មារតីជាតិនិយម ដែលទទួលបានការគាំទ្រ យ៉ាងផុសផុលពីប្រជាជនទូទាំងប្រទេស ក្រោមស្មារតី កីឡាតែមួយ បានលើកស្ទួយកិត្តិយសជាតិ លើឆាកអន្តរជាតិ និង ជាកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់គ្រប់កីឡាករ ក្នុងការ ប្រឹងប្រែង យកជ័យជម្នះ ជូនជាតិមាតុភូមិ ។ ជាលទ្ធផល កម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ ដែលក្នុងនោះមេដាយមាស ចំនួន ៨១, មេដាយប្រាក់ ៧៤ និងមេដាយសំរិទ្ធ ១២៧ ដោយស្ថិតក្នុងលំដាប់លេខរៀងទី៤ ហើយដែលនេះ គឺជាប្រវត្តិសាស្ត្រ និងកម្រិតខ្ពស់ដែលកម្ពុជាទទួលបាន ។ លទ្ធផលដ៏ត្រចេះត្រចង់នេះ គឺកើតចេញពីការគិតគូរយ៉ាងច្បាស់លាស់ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ តាមរយៈការផ្តល់ នូវការយកចិត្តទុកដាក់ វិនិយោគរយៈពេលវែង ដែលនឹងបន្តចាក់គ្រឹះរឹងមាំសម្រាប់អភិវឌ្ឍសមត្ថភាពកីឡាករ ព្រមទាំងហេដ្ឋារចនា សម្ព័ន្ធគាំទ្រ ជាពិសេសចលនាគាំទ្រនៅទូទាំងប្រទេស ដែលជាចលករយ៉ាងសំខាន់មិនអាចខ្វះបាន ដោយបានផ្តល់នូវការតម្កល់ផលប្រយោជន៍ជាតិជាធំ ។
បញ្ញាជន ម៉ាណែត បន្តទៀតថា ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើន សម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន តាមរយៈគោល នយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំ ដែលមាន សម្តេចតេជោ ជាប្រមុខ ។ ជាក់ស្តែងសម្រាប់កម្រិតថ្នាក់ជាតិ វិស័យអាទិភាព ៤ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង” ដែលបានដាក់ចេញ ហើយដែលទទួលបានលទ្ធផលជាក់ស្តែង ដូចជារាប់ចាប់ពីការសង្គ្រោះ និងរំដោះប្រទេសចេញពីរបបដ៏ខ្មៅងងឹត ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ រហូតមកដល់ការរស់ឡើងវិញ នូវដង្ហើមសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ជាមួយនឹងការបន្តរីកចម្រើន ទៅមុខប្រកបដោយនិរន្តរភាព។ តួយ៉ាង ក្នុងមូលដ្ឋានខេត្តកណ្តាលផ្ទាល់ ក៏បានបង្កើតនូវគម្រោងធំៗចំនួន ៣ ដែលកំពុងលេចរូបរាងជាបណ្តើររួមមាន ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ, ផ្លូវវាងក្រុង និងផ្លូវនាវាចរណ៍ ដែលជាចំណែកយ៉ាងសំខាន់ ក្នុងការបម្រើឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាល “ជាតិរីកចម្រើន ទៅបាន គឺអាស្រ័យដោយប្រជាជនរីកចម្រើន”៕