ភ្នំពេញ ៖ យោងតាមលទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច គឺគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់របស់កម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារ ដោយប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ។ នេះបើតាមហ្វេសប៊ុកលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីនាថ្ងៃ១៩ ឧសភា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដើម្បី ពិភាក្សាអំពីគម្រោងនេះ ។
គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និង ប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត ។ គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃ ដឹកជញ្ជូនប្រមាណ១៧០លានដុល្លារ សម្រាប់ទំនិញប្រភេទកុងតឺន័រ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣ លានដុល្លារ សម្រាប់ទំនិញ ប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូន នាពេលបច្ចុប្បន្នប្រមាណ ១៦% ។
គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមាន ៖ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដើម្បីពង្រីកនូវវិសាលភាព នៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់ សកម្មភាពសេដ្ឋកិច្ច-សង្គម ឲ្យកាន់តែមានការរីកចម្រើនឈាន ទៅមួយកម្រិតថែមទៀត និងផ្ដល់ជាដំណោះស្រាយ សមស្របលើបញ្ហាប្រឈម និងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលបាននិងកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន។ គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។
តាមរយៈការសិក្សារបស់ក្រុមការងារបច្ចេកទេស បានបង្ហាញឲ្យឃើញផងដែរថា តម្រាយផ្លូវទឹកដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ ស្រដៀងគ្នានេះ ក៏ធ្លាប់បានជីកតាំងពីអាណាចក្រហ្វូណនមកម្លេះ ហើយផ្លូវទឹកនេះ គឺនឹងត្រូវកសាងលើតម្រាយខ្សែរផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់។
តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ចំពោះការស្ថាបនាច្រាំង នៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធីសាស្ត្រចំនួនពីរប្រភេទដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៊ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន ១១កន្លែង ។
គម្រោងនេះនឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២% ប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិក្នុង ស្ថានភាព របបជលសាស្ត្រធម្មតា ។ ក្នុងករណីមានបម្រែបម្រួល អាកាសធាតុ ដែលបណ្ដាលឲយកម្ពស់ទឹកសមុទ្រកើនឡើងលើសពី ០,៥ម៉ែត្រ លើកម្រិតធម្មតា ហើយទ្វារ នៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០%ក្នុងមួយថ្ងៃ នោះអាចបណ្តាល ឲ្យមានការជ្រៀតចូលទឹកប្រៃពីសមុទ្រ ក្នុងកម្រិតអតិបរមាប្រមាណត្រឹមតែ ១,២៣% ប៉ុណ្ណោះ ដែលបរិមាណនេះ ជាចំនួនតិចតួចនឹងមិនអាចបណ្តាល ឲ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ។ ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍ ១០០%ក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាលឲ្យបាត់បង់ ឬប្រែប្រួលរំហូរទឹកនោះទេ។
ក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់ អាចនឹងមានផលប៉ះពាល់បរិស្ថានតិចតួច ប៉ុន្តែអាចគ្រប់គ្រង បានតាមរយៈការប្រើប្រាស់វិធានគ្រប់គ្រងបរិស្ថាន និងសំណល់តាមស្ដង់ដារជាតិ និងអន្តរជាតិ ដែលមានស្រាប់ និងធ្លាប់បានអនុវត្តរួចមកហើយ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព៕