ភ្នំពេញ ៖ ក្រោយការពិនិត្យ ពិភាក្សាយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញ ទៅកុំឲ្យមានបញ្ហាអ្វីមួយនោះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃ១៩ ឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័ត និងផ្ដល់អនុសាសន៍ ណែនាំមួយចំនួនបន្ថែមលើ «របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្ម ទន្លេបាសាក់» ។
បើតាមការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគឺថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ក៏មានឈ្មោះមួយទៀត “គម្រោងព្រែកជីកហ្វូណនតេជោ” ។
ក្នុងកិច្ចប្រជុំព្រឹកមិញនេះដែរ សម្តេចតេជោ ក៏បានផ្ដល់អនុសាសន៍ណែនាំឲ្យបន្តការសិក្សាអំពីផលប៉ះពាល់បរិស្ថាន ដែលបណ្ដាលមក ពីទឹកសមុទ្របន្តទៅទៀត និងធ្វើការជូនដំណឹង ទៅគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គ ដោយស្របតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ទៅលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្ម ទន្លេបាសាក់។
គម្រោងនេះក៏នឹងគ្រោង ចំណាយថវិកាប្រមាណជា១៧០០លានដុល្លារផងដែរ ៕