ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បន្តអះអាងថា ការផ្តន្ទាទោស កឹម សុខា គឺអនុវត្តន៍ស្របតាមច្បាប់

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងជាថ្មីថា ការផ្តន្ទាទោសជនជាប់ចោទ កឹម សុខា គឺអនុវត្តស្របតាមច្បាប់ដែលមាននៅកម្ពុជា ។ ការអះអាងនេះធ្វើឡើងនៅក្នុង សម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

យោងាតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា «សាលក្រមកាត់ក្តី ផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋ នៅកម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យ»។

រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា តាមរយៈការឃុបឃិតគ្នា ជាមួយបរទេស ក្នុងគោលបំណងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់កម្ពុជា ឬប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៍ ឬមធ្យោបាយខុសច្បាប់ ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ នាំដល់ការបំផ្លិចបំផ្លាញ សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម នឹងភាពសុខសាន្ត របស់ប្រជាជនកម្ពុជា។

សូមរំលឹកថា ​លោក កឹម សុខា អតីត​មេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ ត្រូវបានចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ ឆ្នាំ ពី​បទ «ក្បត់​ជាតិ»៕

To Top