បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ត្រូវបានគេរំពឹងថា នឹងសម្រេចថាតើមេដឹកនាំគណបក្ស មូវ ហ្វវើដ (Move Forward Party) លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) មានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតដែរឬទេ ដោយសារតែភាពជាម្ចាស់ ភាគហ៊ុនរបស់លោក មាននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកសភាជាគូប្រជែងបាននិយាយថា ភាគហ៊ុនមិនត្រូវបានប្រកាសប្រាប់អាជ្ញាធរមុន ពេលលោកស្បថចូលកាន់ តំណែងជាសមាជិកសភាក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ។
ប្រភពមួយបានឲ្យដឹងថា គណៈកម្មការកំពុងពិនិត្យ លើញត្តិដែលដាក់ដោយលោក រ៉ួងក្រៃ លីគី វ៉ាត់ថាណា (Ruangkrai Leekitwattana) សមាជិកសភាគណបក្ស ប៉ាឡាំង ប្រាឆារ៉ាត់ (Palang Pracharath) ដែលបានរាយការណ៍ពីលោក ពីតា ទៅភ្នាក់ងារបោះឆ្នោតពីបទខក ខានមិនបានប្រកាសពីការកាន់កាប់ ភាគហ៊ុនចំនួន ៤២ ០០០ ក្នុង អាយធីវី (iTV) ជាប្រព័ន្ធផ្សព្វផ្សាយដែលបានចុះឈ្មោះ ទៅកាន់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) មុនពេលលោកចូលកាន់ តំណែងជាសមាជិកសភានៅឆ្នាំ ២០១៩។ ភាគហ៊ុនមានតម្លៃ ៥ បាតក្នុងមួយហ៊ុន។
ញត្តិក៏បានចោទជាសំណួរថា តើការចុះឈ្មោះបេក្ខជន តំណាងរាស្រ្តរបស់ MFP នៅក្នុងមណ្ឌលបោះឆ្នោតទាំង៤០០ ក៏អាចប្រកាសថា គ្មានសុពលភាពដែរ ប្រសិនបើលោក Pita ដែលបានយល់ព្រមលើការចុះឈ្មោះ របស់ពួកគេត្រូវបានដកសិទ្ធិលើបញ្ហាភាគហ៊ុន iTV ។
លោក ពីតា ធ្លាប់បាននិយាយថា លោកមិនបានកាន់កាប់ភាគហ៊ុននោះទេ ដោយសារលោកទទួលមរតកពីឪពុករបស់លោក។ ភាគហ៊ុនត្រូវបានចុះបញ្ជីក្រោម ឈ្មោះរបស់លោក ខណៈដែលលោកត្រូវបានតែងតាំងជាអ្នកប្រតិបត្តិនៃទ្រព្យសម្បត្តិរបស់ឪពុកចុងរបស់លោក។ លោកបានពន្យល់ពីបញ្ហានេះដល់ស្ថាប័ន បោះឆ្នោតមុនពេលលោកស្បថចូលកាន់តំណែង។
ច្បាប់ហាមប្រាមអ្នកដែលមានម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយពីការក្លាយ ជាសមាជិកសភា។
លោក រ៉ូងក្រៃ បាននិយាយថា ទោះបីជាក្រុមហ៊ុន iTV បានឈប់ដំណើរការក៏ដោយ ក៏ក្រុមហ៊ុននេះនៅតែរក្សាមុខងាររបស់ខ្លួនជា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែរ។
ប្រភព EC បាននិយាយថា គណៈកម្មការមិនអាចកោះហៅច្បាប់រៀបចំ អង្គការស្តីពីការបោះឆ្នោតសមាជិកសភាក្នុងករណីលោក ពីតា បានទេ ដោយសារមាត្រា ៦១ នៃច្បាប់ចែងថា EC អាចដកចេញបានតែបុគ្គលម្នាក់ជាបេក្ខជនសមាជិកសភា មុនពេលការបោះឆ្នោតបញ្ចប់ តែប៉ុណ្ណោះ។
ពេលនេះការបោះឆ្នោតបានបញ្ចប់ហើយ EC មិនមានមូលដ្ឋានផ្លូវច្បាប់ ក្នុងការដកបេក្ខភាព ឬសមាជិកសភាចេញពីការបោះឆ្នោតនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា