ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ សម្ដេចតេជោ បានយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីការបណ្ដុះបណ្ដាល ធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច បានគិតគូរយ៉ាងខ្លាំង អំពីការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាល ជាមួយបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ប្រមាណជាជាង ៩០០ នាក់ ក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមជាអធិបតីពី លោក ហង្ស ច័ន្ទវរ: សកលវិទ្យាធិការ រង សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ផងដែរ ។

លោក ហង្ស ច័ន្ទវរ: សកលវិទ្យាធិការ រង សកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានថ្លែងថា ប្រទេសជាតិមួយអាចរីកចម្រើនទៅបាន វាអាស្រ័យលើធនធានមនុស្ស ពោរពេញទៅដោយសមត្ថភាព វិជ្ជាជីវៈ និងសុជីវធម៌ សីលធម៌ គុណធម៌ ។ ដូច្នេះគ្រូបង្រៀន បានបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លា ដល់ជាតិមាតុភូមិរបស់យើង ពោលគឺ យើងបានដើរមកដល់ពេលនេះ គឺមិនអាចមើលរំលងពីការចូលរួមចំណែកពីសំណាក់ លោកគ្រូ អ្នកគ្រូ នោះទេ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា តួអង្គសំខាន់សំខាន់ៗ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស មានដូចជា រដ្ឋាភិបាល លោកគ្រូអ្នកគ្រូ និងការចូលរួមពីប្រជាពលរដ្ឋ ទើបធ្វើឲ្យលទ្ធផល នៃការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអភិវឌ្ឍន៍ប្រទេសជាតិទទួលបានជោគជ័យ។

លោកអភិបាល ខេត្តបន្តថា បច្ចុប្បន្នដោយសារប្រទេសជាតិមានការអភិវឌ្ឍ រដ្ឋាភិបាលមានចំណូលច្រើន តាមរយៈការប្រមូលពន្ធផ្សេងៗ ទើបមានលទ្ធភាព ក្នុងការតំឡើងប្រាក់បៀវត្ស ជូនគ្រូបង្រៀនរបស់យើង ទាបបំផុត ជាង ១លានរៀល និងខ្ពស់បំផុត ជាង ២លានរៀល ក្នុង១ខែ ។ ដូច្នេះ យើងត្រូវខិតខំប្រឹងប្រែងរួម គ្នាបន្តទៅទៀត ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបធ្វើឲ្យកម្មវិធីកំណែទម្រង់ លើវិស័យអប់រំ របស់រដ្ឋាភិបាល ទទួលបានជោគជ័យ ពោលគឺ យើងទទួលបានផលប្រយោជន៍ទាំងអស់គ្នា តាមរយៈកំណែទម្រង់នេះ ដែលធ្វើឲ្យមានការលើកកម្ពស់ គុណភាពនៃការអប់រំ និងការលើកកម្ពស់កម្រិត ជីវភាពគ្រូបង្រៀន និងប្រជាពលរដ្ឋក្នុងសហគមន៍ មានភាពប្រសើរឡើងផងដែរ ៕

To Top