ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ បានធ្វើការកត់សម្គាល់អំពី ការបញ្ចេញមតិយោបល់ជាច្រើនជុំវិញ បរិយាកាសនយោបាយរបស់កម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះ ទៅកាន់ការបោះឆ្នោតជាតិ នាខែកក្កដា ដោយអះអាងថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។
តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី២៦ ឧសភា លោក អាន សុខខឿន អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា អាស្រ័យដោយការ អធិប្បាយមួយចំនួន បានបង្កឱ្យមានការភាន់ច្រលំ ធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈលំអៀងក្រោមហេតុផលនយោបាយ អ្នកនាំពាក្យមានកាតព្វកិច្ចផ្តល់ការបកស្រាយបំភ្លឺ ដូចតទៅ ៖
១-ការលើកឡើងថា គណបក្សភ្លើងទៀន ត្រូវបានរារាំងមិនអោយចូលរួម ក្នុងការបោះឆ្នោតជាតិ នាខែកក្កដា គឺមិនត្រឹមត្រូវ។ ការពិត គណបក្សនយោបាយនេះ ពុំបានគោរពឱ្យបានហ្មត់ចត់តាមច្បាប់ បោះឆ្នោត ទោះបីជាមានសេចក្តីជូនដំណឹង និងការណែនាំជាច្រើន លើកច្រើនសារ របស់អាជ្ញាធរ មានសមត្ថកិច្ច យ៉ាងណាក៏ដោយ។ ការខកខានមិនអនុវត្ត តាមដំណើរការចុះបញ្ជីគណបក្ស ឈរឈ្មោះបោះឆ្នោត គឺជាការទទួលខុសត្រូវ របស់គណបក្សនេះខ្លួនឯង ក្នុងនាមជាគណបក្ស ដែលបានដាក់ពាក្យស្នើសុំ ។
២-គណកម្មាធិការជាតិ រៀបចំការបោះឆ្នោតទទួលខុសត្រូវក្នុងការអនុវត្តដំណើរការបោះឆ្នោត ដោយប្រើប្រាស់ស្តង់ដារតែមួយ និងផ្អែកលើមូលដ្ឋាន នៃគោលការណ៍យុត្តិធម៌ សមភាព និងនីតិវិធីត្រឹមត្រូវ ដូចដែលស្ថាប័នគ្រប់គ្រង ការបោះឆ្នោត នៅក្នុងបណ្តាប្រទេសដទៃផ្សេងទៀត អនុវត្តដោយគោរពតាមនិតិរដ្ឋ។ ប្រសិនបើគណបក្សនយោបាយ១៨ផ្សេងទៀត គោរពតាមដំណើរការចុះបញ្ជី គណបក្សឈរឈ្មោះបោះឆ្នោត នោះគណបក្សដែលមិនគោរពច្បាប់ មិនគួរទទួលបានបុព្វសិទ្ធិពិសេសឡើយ ដើម្បីភាពយុត្តិធម៌ សម្រាប់គ្រប់គណបក្សទាំងអស់ ។ ការអនុញ្ញាត ឱ្យមានបុព្វសិទ្ធិពិសេសណាមួយនឹងត្រូវចាត់ទុកថា ជាការអនុវត្តស្តង់ដារពីរ ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្ស នយោបាយមួយទៀត ដែលពុំបានបំពេញកាតព្វកិច្ច ដាក់ឯកសារគ្រប់គ្រាន់ ប៉ុន្តែគណបក្សនេះបានប្រកាសទទួលយកដោយសុឆន្ទៈនូវសេចក្តី សម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។
៣-កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ល្គឹកណា គ្រប់គណបក្សនយោបាយទាំងអស់ អនុវត្តសិទ្ធិក្នុងរង្វង់ ដែនកំណត់ នៃច្បាប់ នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន ។ មិនមែនសិទ្ធិទាំងអស់ មានលក្ខណៈដាច់ខាតឡើយ ហើយឧក្រិដ្ឋកម្មមួយ មិនអាចធ្វើយុត្តិកម្មថា ជាការតស៊ូផ្នែកសីលធម៌ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។ អវត្ដមាននៃគណបក្ស នយោបាយចំនួនពីរ ពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពតាមច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់ភាព សេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជាឡើយ ។
៤-ចំពោះវត្តមាន របស់អ្នកសង្កេតការបោះឆ្នោតវិញ កម្ពុជាសូមស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ ដើម្បីអញ្ជើញ មកចូលរួមធ្វើជាសាក្សីដោយផ្ទាល់នៅក្នុងដំណើរការបោះឆ្នោត។ ជារដ្ឋអធិបតេយ្យមួយ សម្លេងឆ្នោត របស់ប្រជាពលរដ្ឋកម្ពុជាត្រូវតែគោរពតាម ហើយសេចក្តីអញ្ជើញជា ចំហនេះបង្ហាញឱ្យឃើញអំពីសុច្ឆន្ទៈ និងភាពបើកចំហរបស់កម្ពុជា ចំពោះពិភពលោកខាងក្រៅ៕