ភ្នំពេញ ៖ ក្រុមការងារទទួលបន្ទុក ប្រជាការពារស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយ អស់លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំ នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាការពារ ក្នុងឃុំចំនួន ០៣ របស់ស្រុកពញាឮ មានឃុំឈ្វាំង ឃុំជ្រៃលាស់ និងឃុំទំនប់ធំ សរុប ៨៥១ នាក់ ។
មានមតិសំណេះសំណាល នាឱកាសនេះ តំណាងរបស់លោករដ្ឋមន្រ្តី បាននាំពាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់លោករដ្ឋមន្រ្តី ជូនចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងជាពិសេស ចំពោះបងប្អូនប្រជាការពារទាំងអស់ ក្នុងស្រុកពញាឮ ។ ប្រជាការពារ ត្រូវមានភាពស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយសហគមន៍ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដោយបានសហការ យ៉ាងល្អប្រសើរ ជាមួយនឹងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិឃុំយើងមានសុវត្ថិភាព សន្តិសុខ និងបរិស្ថានល្អ ក្នុងមូលដ្ឋាននីមួយៗ ។ ទោះបីប្រជាការពារ បម្រើការងារដោយស្ម័គចិត្ត ប៉ុន្តែបានជួយដល់កងកម្លាំង មួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និង ជួយសម្អាតអនាម័យ បរិស្ថានបានល្អថែមទៀតផង ជាពិសេស ប្រជាការពារ មានតួនាទីស្នូល ក្នុងការជួយការពារដំណើការ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
ក្រុមការងារបានឧបត្ថម្ភថវិកាលើកទី ២ របស់លោករដ្ឋមន្រ្តី ដោយក្នុងម្នាក់ៗ ទទួលបានចំនួន ៤ ម៉ឺនរៀល ៕